រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានចរចាគ្នាដ៏តានតឹងបំផុត អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ជុំវិញការកម្រិតប្រាក់បំណុល (Debt ceiling) ហើយនៅទីបំផុត គណបក្សទាំង២ នឹងមានទំនុកចិត្ត លើការអនុម័ត ជុំវិញបញ្ហាប្រាក់បំណុលនេះ ដើម្បីរារាំងការដួលរំលំដល់សេដ្ឋកិច្ចរបស់ពិភពលោក។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែឧសភា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង លោក ខេវីន ម៉ាកខាធី (Kevin McCarthy) ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានអះអាង កាលពីថ្ងៃអាទិត្យ (ទី២៨ ខែឧសភា) ថា កិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយ សម្រាប់ការដំឡើងកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិក និង ការចៀសវាងនូវការខកខាន ប្រកបដោយមហន្តរាយ។ ឥឡូវ ដំណើរការនេះ កំពុងតែឆ្ពោះទៅកាន់សភា ហើយនឹងត្រូវឆ្លងកាត់កិច្ចព្រមព្រៀងនេះ មុនពេលរដ្ឋាភិបាល ចាប់ផ្តើមអស់សាច់ប្រាក់។
ការសម្រុះសម្រួល រវាងគណបក្សធំៗទាំងនេះ នៅសហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលមានការពិភាក្សាគ្នាដ៏តានតឹងបំផុត អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក សម្រាប់ផ្ដល់ផ្លូវដ៏ល្អត្រឡប់មកវិញ បញ្ចៀសនូវគ្រោះមហន្ដរាយ ថ្វីបើការផុតកំណត់ នៅត្រឹមថ្ងៃទី៥ ខែមិថុនា យ៉ាងណាក្ដី ខណៈក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណ ថា ប្រហែលជាមិនមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ការចំណាយ និង សងប្រាក់បំណុល។
លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ នៅក្នុងការបង្ហាញខ្លួន រយៈពេលខ្លីមួយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ នៅឯសេតវិមាន ដោយជំរុញឱ្យសភាទាំងពីរ អនុម័តនូវកិច្ចព្រមព្រៀងនេះ ថា៖ «ខ្ញុំគិត ថា វាជាការបោះជំហានដ៏សំខាន់មួយទៅមុខ។ នេះជាការបញ្ចប់នូវការគំរាមកំហែង ប្រកបដោយគ្រោះមហន្តរាយ ការពារនូវការស្តារសេដ្ឋកិច្ច ដែលរកបានមកយ៉ាងលំបាក និង ជាប្រវត្តិសាស្ត្ររបស់យើង ហើយ … តំណាងឱ្យការសម្របសម្រួល ដោយមានន័យ ថា គ្មាននរណាម្នាក់ ទទួលបានអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាននោះឡើយ»។
សេតវិមាន បានបញ្ជាក់ ថា លោក បៃដិន និង លោក ម៉ាកខាធី បានថ្លែង កាលពីព្រឹកថ្ងៃ អាទិត្យ ខណៈពួកគេកំពុងតែពុះពារ បញ្ចៀសហានិភ័យផ្នែកហិរញ្ញវត្ថុ កំពុងតែគំរាមកំហែងដល់បណ្តាញមនុស្សរាប់លាននាក់ ចេញពីការងារ ហើយវាជាការប្រថុយប្រថាន នឹងការរលាយដល់សេដ្ឋកិច្ចរបស់ពិភពលោក។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីល្ងាច ថ្ងៃអាទិត្យ ប្រធានសភា និង មេដឹកនាំសភា មកពីគណបក្សសាធារណរដ្ឋផ្សេងទៀត បានហៅកិច្ចព្រមព្រៀងនេះ ថា វាជា «ការឈ្នះជាប្រវត្តិសាស្ត្រ»។ ជាមួយគ្នានេះ លោកប្រធានសភា ម៉ាកខាធី បានកោះហៅសមាជិកសភា ឲ្យត្រឡប់ពីការឈប់សម្រាកវិស្សមកាលរបស់ពួកគេ មករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបោះឆ្នោត លើកិច្ចព្រមព្រៀងនេះ នៅពីថ្ងៃពុធ សប្ដាហ៍នេះ។
ក្របខ័ណ្ឌជាមូលដ្ឋាន នៃកិច្ចព្រមព្រៀងផ្អាកកម្រិតប្រាក់បំណុលរបស់សហព័ន្ធន៍ (Federal Debt Ceiling) ខណៈបច្ចុប្បន្នមានចំនួ៣១,៤ពាន់ពាន់លានដុល្លារអាមេរិក (US$31.4 trillion) សម្រាប់រយៈពេល២ឆ្នាំ ហើយវាគ្រប់គ្រាន់ សម្រាប់ការឆ្លងកាត់នូវការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់សហរដ្ឋ នៅឆ្នាំ២០២៤ ហើយអនុញ្ញាតឱ្យរដ្ឋាភិបាល រក្សានូវការខ្ចីប្រាក់ និង នៅតែអាចសងប្រាក់បំណុលបាន។
បណ្ដាញផ្សព្វផ្សាយ Fox News បានរាយការណ៍ ថា លោកប្រធានសភា ម៉ាកខាធី កាលពីថ្ងៃអាទិត្យ កំពុងតែជំរុញដល់កិច្ចព្រមព្រៀងនេះ ដោយមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង។ ចំណែកការកំណត់នូវការចំណាយ ក៏ជាជ័យជម្នះដ៏ធំសម្បើមមួយ ហើយបានទទូច ថា ៩៥ភាគរយ នៃសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះការជជែកដេញដោលគ្នាបែបនេះ។
លោកប្រធានាធិបតី ចូ បៃដិន កាលពីដំបូងឡើយ បានបដិសេធចរចា ជុំវិញបញ្ហាការចំណាយ ដែលជាលក្ខខណ្ឌមួយ សម្រាប់ការដំឡើងកម្រិតប្រាក់បំណុល។ បន្ថែមពីលើនេះ គាត់ថែមទាំងបានចោទប្រកាន់ដល់គណបក្សសាធារណរដ្ឋ ថា ពួកគេកំពុងតែចាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ធ្វើជាចំណាប់ខ្មាំង។ បញ្ហាកាត់បន្ថយដ៏ធំ ត្រង់ថា គណបក្សសាធារណរដ្ឋចង់បាន គឺមិនមាននៅទីនោះទេ បើទោះជាការចំណាយមិនមែនជាផ្នែកការពារជាតិ នឹងនៅតែមានប្រសិទ្ធភាព រហូតដល់ឆ្នាំក្រោយក៏ដោយ ហើយវាមានតែការកើនឡើង នៅឆ្នាំ២០២៥ប៉ុណ្ណោះ។ សរុបមក កិច្ចព្រមព្រៀងនេះ ប្រហែលជាត្រូវគេចាត់ទុកថា ល្អបំផុត សម្រាប់ជ័យជម្នះមួយរបស់លោក បៃដិន និង គណបក្សប្រជាធិបតេយ្យ ដោយបានផ្តល់នូវការកាត់បន្ថយនូវការចំណាយតិចតួច ប្រកបដោយយុត្តិធម៌ ហើយនឹងការពារដល់ការធ្លាក់ចុះ នៃប្រាក់បំណុលផ្សេងៗទៀត ឬ ការបិទរដ្ឋាភិបាល នៅក្នុងអំឡុងពេលវេលានៅសេសសល់ សម្រាប់តំណែងប្រធានាធិបតីរបស់លោក បៃដិន៕










