លោក តាន់ គីមសួរ ប្រធានគម្រោងបៃតងវ៉រៀសន៍បានបញ្ចេញសំណេរមួយឃ្លានៅលើបណ្តាញសង្គមពីរឿងតារាការពារធនធានធម្មជាតិ ដែលធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងស្របពេលមនុស្សមួយចំនួនកំពុងកាប់បំផ្លាញធនធានធម្មជាតិដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
មហាជនមួយចំនួនធំស្គាល់មកហើយថាលោក តាន់ គីមសួរ ជាប្រធានគម្រោងបៃតងវ៉រៀសន៍ ឬស្គាល់តាមរយៈសកម្មភាពឈឺឆ្អាលរបស់លោកទៅលើព្រៃឈើសុខចិត្តបោះបង់ភាពសុខសប្បាយនៅទីក្រុង ប្រើជីវិតលើការងារបរិស្ថាន ជាពិសេសព្រៃឈើដែលរងការគំរាមកំហែង បានបញ្ចេញសំណេរមួយឃ្លាធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តពេញថ្លើមយ៉ាងខ្លាំងនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោកបានសរសេរថា «ធ្លាប់តែឃើញតារាលើសកលលោកជាច្រើនតែងតែរិះរកគ្រប់វិធីក្នុងការផ្សព្វផ្សាយការពារធនធានធម្មជាតិ ពួកគេស័ក្ដិសមទទួលបានការគោរព និងគាំទ្រ»។ ការបញ្ចេញសំណេរនេះ អ្នកបណ្តាញហ្វេកប៊ុកបានបញ្ចេញមតិយោបល់គាំទ្រស្រដៀងៗគ្នាថា «គាំទ្របង , ត្រូវបង, ពិតមែនហើយ, មែនហើយបង, សម្ដីបងចាក់ដោតណាស់ Respect Bong,បងកុំយាយចឹងមើលឈឺហាស, មើលឧកញ៉ាល្អខ្លះផងបានទេ?»។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោក តាន់ គីមសួរ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសតំបន់ភ្នំឱរ៉ាល់ដែលកំពុងមានការឈូសឆាយព្រៃឈើពីលោកឧកញ៉ាមួយចំនួនស្រែកឃ្លានដីដែលមានព្រៃឈើ៕