ពិតជាគួរឱ្យស្ងើចសរសើរខ្លាំងណាស់ កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បេក្ខជននៅក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី២ មិនត្រឹមតែបញ្ចេញសមត្ថភាពប្រកួតប្រជែងលើចម្រៀងប៉ុណ្ណោះទេ ថែមទាំងអាចស្មូត្រ ចងចាំធម៌នមស្ការសូត្រយ៉ាងរលូនជូនគណៈកម្មការទាំង៣ស្តាប់ឡើងជក់ចិត្ត។ ជាពិសេស សូម្បីប្អូនប្រុសស្រីរបស់កុមារារូបនេះដែលទើបមានអាយុ៥ឆ្នាំនិង៦ឆ្នាំក៏អាចសូត្រធម៌បានដែរ មានចិត្តជ្រះថ្លាលើផ្លូវព្រះធម៌តាំងពីតូច។
កុមារដែលអាចសូត្រធម៌មិនមានច្រើននោះទេ សូម្បីមនុស្សមួយចំនួនធំក៏មិនចងចាំអាចសូត្រធម៌បានដែរ ព្រោះតម្រូវឱ្យមានការចងចាំខ្ពស់ដែលសុទ្ធជាបាលីសំស្រ្កឹត។ យ៉ាងណាមិញនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនត្រឹមមានទេពកោសល្យលើសិល្បៈប៉ុណ្ណោះទេ តែកុមារអាយុ១១ឆ្នាំរូបនេះអាចស្មូត្រ និងសូត្រធម៌នមស្ការជូនគណៈកម្មការទាំង៣ស្តាប់យ៉ាងជក់ចិត្ត។ ជាពិសេសប្អូនប្រុសស្រីរបស់ បញ្ញាសិទ្ធ អាយុទើបតែ៥ និង៦ឆ្នាំ ក៏អាចសូត្រធម៌ដូចបងប្រុសបានដែរសឹងតែមិនគួរឱ្យជឿ។
ការជ្រះថ្លាលើផ្លូវព្រះធម៌របស់កុមារតាំង៣រូបនេះដែលបង្ហាញទៅគណៈកម្មការបានធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ រួមទាំងសរសើរដល់ឪពុកម្តាយអ្នកទាំង៣ដែលបានអប់រំកូនប្រកបដោយផ្លូវធម៌បានយ៉ាងល្អដូចនេះ។
គួរបញ្ជាក់ផងដែរថា កុមារ ទៀ សុវណ្ណបញ្ញាសិទ្ធ បានជ្រើសរើសបទ «តើបងមានថ្ងៃនោះទេ» ពីសំនៀងដើមលោក នី រតនា ជាលទ្ធផលកុមារមកពីខេត្តបន្ទាយមានជ័យរូបនេះត្រូវបានគណៈកម្មការទាំង៣រួមមាន សុគន្ធ និសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីន សម្រេចឱ្យបន្តទៅវគ្គបន្ទាប់ទៀត៕