គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដី សុទ្ធតែត្រូវ កើត ចាស់ ឈឺ ស្លាប់ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណានោះទេ គឺសុទ្ធតែស្ថិតក្នុងវដ្ដសង្សារនេះដូចគ្នា។ ប៉ុន្តែដោយឡែកមានសត្វកម្រមួយប្រភេទ ដែលត្រូវបានគេរកឃើញថា វាជាសត្វដែលមានជីវិតអមតៈទៅវិញ។ ដូច្នេះហើយតើអ្នកដឹងទេ? តើសត្វណាដែលមានជីវិតអមតៈ?
តាមប្រភពព័ត៌មាន BBC Earth បានឱ្យដឹងថា ពពួកខ្ញែរសមុទ្រធួររីថប់ស៊ីស នុតទ្រីឃួលឡា (Turritopsis nutricula) គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំឡុងជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។អ្នកវិទ្យាសាស្រ្តបានពន្យល់ថា Turritopsis nutricula គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលវាមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។
ជាទូទៅ វាស៊ីសត្វផ្សេងៗជាអាហារ ដោយប្រើពុកមាត់បញ្ចេញពិស ហើយកៀរបញ្ចូលក្នុងមាត់។ មាត់របស់វានេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូល។
ខ្ញែរសមុទ្រអមតៈពួកវាមិនងាប់នោះទេ ដោយពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបដើមវិញ។ ទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។
ចំណែកប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះវិញ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។ ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកទៅបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ៕










