កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបានពិន័យប្រាក់ទៅលើក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ចំនួន១,២ពាន់លានយូរ៉ូ ។ ការពិន័យនេះ ដោយសារក្រុមហ៊ុន Meta បានល្មើសច្បាប់ភាពឯកជនរបស់សហភាពអឺរ៉ុប ខណៈក្រុមហ៊ុននេះបានចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅអឺរ៉ុបទៅឱ្យ server របស់អាមេរិក ។
តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបង្ហាញថា ការដាក់ពិន័យលើក្រុមហ៊ុន Meta នេះ ក្រោយពីគណៈកម្មការគ្រប់គ្រងទិន្នន័យរបស់អៀរឡង់បានពិនិត្យលើការងាររបស់ក្រុមហ៊ុនហ្វេសប៊ុក ហើយប្រទះឃើញថា ក្រុមហ៊ុននេះបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរំលោភច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អឺរ៉ុប ។
អ្នកនាង Andrea Jelinek ប្រធានគណៈកម្មការគ្រប់គ្រងទិន្នន័យអឺរ៉ុបលើកឡើងថា ការបំពានច្បាប់របស់ហ្វេសប៊ុកជារឿងធ្ងន់ធ្ងរណាស់ ព្រោះវាពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យជាប្រព័ន្ធដែលកើតឡើងម្តងហើយម្តងទៀត ។ អ្នកនាងនិយាយថា ៖ «មានអ្នកប្រើហ្វេសប៊ុកជាច្រើនលាននាក់នៅអឺរ៉ុប ហេតុនេះ បរិមាណទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានគេចែកចាយ គឺច្រើនមហាសាល ។ គេមិនធ្លាប់ពិន័យប្រាក់លើក្រុមហ៊ុននេះទេ ហើយវាជាការបង្ហាញសញ្ញាយ៉ាងច្បាស់ទៅស្ថាប័នផ្សេងៗថា ការរំលោភច្បាប់មានផលវិបាកយ៉ាងធំធេង» ។
គេចាត់ទុកថា ប្រាក់ពិន័យនេះជាចំនួនច្រើនបំផុតដែលគេបានអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Amazon ក៏ធ្លាប់ត្រូវបានគេពិន័យជាប្រាក់ចំនួន៧៤៦លានយូរ៉ូផងដែរ ។ ក្រៅពីនេះ ក្រុមហ៊ុន Meta ក៏ត្រូវបានគេបញ្ជាឱ្យឈប់ចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុកជនជាតិអឺរ៉ុបនៅអាមេរិក ក្នុងរយៈពេល៦ខែផងដែរ ។
ទោះយ៉ាងណា ក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេនឹងប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ព្រមទាំងតវ៉ានឹងការដាក់ពិន័យផងដែរ ។ Meta អះអាងថា បញ្ហានេះកើតឡើងដោយសារមានជម្លោះផ្លូវច្បាប់រវាងច្បាប់ការចូលប្រើទិន្នន័យរបស់អាមេរិក និងសិទ្ធិឯកជននៅអឺរ៉ុប ។ បច្ចុប្បន្ន សហភាពអឺរ៉ុប និងអាមេរិកកំពុងដោះស្រាយបញ្ហានេះនៅក្រោមសេចក្តីព្រាងច្បាប់ទិន្នន័យផ្ទាល់ខ្លួន ៕ ប្រភព ៖ Thairath










