កាលពីយប់មិញ កុមារីអាយុ១០ឆ្នាំមួយរូប ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ ខណៈកំពុងហែលទឹកក្នុងអាងនៅខាងក្រៅមុខអគារអូឡាំព្យា។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖” ក្មេងស្រីរងគ្រោះ និងមិត្ត៣នាក់ទៀតរបស់នាង បានទៅទឹកអាងនោះ. រំពេចនោះនារីរងគ្រោះបានដួលធ្លាក់ចូលទឹក ហើយក៏បានសន្លប់ ដោយមនុស្សម្នានៅទីនោះ បានបញ្ជូននាងទៅមន្ទីពេទ្យគន្ធបុប្ផាដើម្បីព្យាបាល ប៉ុន្តែអកុសលបានស្លាប់ពេលមកដល់មន្ទីពេទ្យបាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យបានចុះពិនិត្យកន្លែងកើតហេតុ។ ហើយបានរកឃើញថា មានខ្សែភ្លើងដាច់ និងធ្វើការកោសល្យវិច្ច័យសន្និដ្ឋានថា ក្មេងស្រីរងគ្រោះស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី។
ដោយឡែកសន្តិសុខនៅទីនោះនិយាយថា ជារឿយៗពួកគេ តែងតែបណ្តេញក្មេងៗចេញពីអាងទឹកនោះ ដោយហេតុថាវាមិនមានសុវត្ថិភាពសម្រាប់ក្មេងកម្សាន្តនោះទេ វាមានខ្សែភ្លើងនិងអគ្គិសនីដំណើរការ៕












