ប្រទេសវៀតណាម ៖ មន្ត្រីប្រចាំទីក្រុងដាណាងឱ្យដឹងថា ប្រទេសវៀតណាមនឹងលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការប្រើប្រាស់បន្ទប់ទឹកមិនគិតថ្លៃ ។ គេបានប្រកាសឱ្យហាងលក់ទំនិញផ្សេងៗក្នុងទីក្រុងនេះអនុញ្ញាតឱ្យពលរដ្ឋទូទៅអាចប្រើប្រាស់បន្ទប់ទឹករបស់ហាងបានដោយមិនគិតថ្លៃ ។
លោក Le Tu Gia Thanh ជាចៅហ្វាយស្រុក Hai Chau បានថ្លែងថា មន្ត្រីថ្នាក់ស្រុកបានស្នើទៅកាន់ហាងលក់ទំនិញប្រមាណ៥០០កន្លែងដូចជា ភោជនីយដ្ឋាន និងហាងកាហ្វេអនុញ្ញាតឱ្យពលរដ្ឋចូលប្រើប្រាស់បន្ទប់ទឹករបស់ពួកគេដោយមិនគិតថ្លៃ ។ ដូច្នេះ គម្រោងនេះជាផ្នែកមួយនៃគម្រោង Comfort As Home ហើយមានហាងចំនួន២៨៨កន្លែងបានយល់ព្រមនឹងការស្នើសុំនេះ ។
សម្រាប់ហាងលក់ទំនិញដែលបានចូលរួមគម្រោងប្រើប្រាស់បន្ទប់ទឹកឥតគិតថ្លៃ នឹងមានស្លាកសញ្ញាសរសេរថា Comfort As Home ដាក់នៅខាងមុខហាងរបស់ពួកគេ ។ ភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្នុងតំបន់អាចមកប្រើប្រាស់បន្ទប់ទឹកនៅទីនេះហ្វ្រី ហើយពួកគេអាចដោនឡូតកម្មវិធីដើម្បីស្វែងរកបន្ទប់ទឹកនៅក្បែរផងដែរ ។
ក្រៅពីនេះ នៅតាមផ្លូវដែលមានការធ្វើចរាចរណ៍ច្រើន មន្ត្រីក្រុងដាណាងបានដាក់ស្លាកសញ្ញាធំៗដើម្បីប្រាប់ផ្លូវទៅកាន់ហាងទំនិញដែលផ្តល់សេវាកម្មបន្ទប់ទឹកហ្វ្រី ។ លើសពីនេះ ហាងលក់ទំនិញក៏អាចផ្សព្វផ្សាយផលិតផលរបស់ខ្លួនដោយមិនគិតថ្លៃ ។
គម្រោង Comfort As Home បានចាប់ផ្តើមនៅឆ្នាំ២០១៥ ប៉ុន្តែគេបានផ្អាកគម្រោងនេះកាលពីប៉ុន្មានឆ្នាំកន្លងមក ។ ដូច្នេះ ស្រុក Hai Chau មានបន្ទប់ទឹកសាធារណៈត្រឹមតែ៨កន្លែងប៉ុណ្ណោះ ។ ចុងក្រោយ ស្រុក Son Tra បានស្នើទៅកាន់ហាងលក់ទំនិញប្រមាណ៥០កន្លែងចូលរួមក្នុងគម្រោងស្រដៀងគ្នានេះ ៕ ប្រភព ៖ AEC Connect










