កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែឧសភា ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការអំពី ការចាកចេញរបស់តារាចម្រៀងលោក Lucas ពីក្រុម NCT និង WayV ដោយតារាចម្រៀងវ័យ២៤ ឆ្នាំរូបនេះ នឹងបន្តជាមួយនឹងអាជីពជាតារាទោលនៅក្នុងឧស្សាហកម្មកម្សាន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ផលិតកម្ម SM បានសរសេរថា បន្ទាប់ពីពួកយើងបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយ Lucas យើងបានព្រមព្រៀងគ្នាថា Lucas នឹងដកខ្លួនចេញពីក្រុម NCT និង WayV ដើម្បី បន្តសកម្មភាពជាតារាទោលនៅក្នុងផលិតកម្ម SM ដដែល។ យើងចង់ឱ្យអ្នករាល់គ្នាយល់ និងបន្តគាំទ្រនូវការសម្រេចចិត្តនេះ ដែលត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់សម្រាប់សមាជិក និងអ្នកគាំទ្រ ដែលតែងតែគាំទ្រគ្នាទៅវិញទៅមក ។
តារាចម្រៀងរូបស្រស់សង្ហារលោក Lucas ក៏បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើ Weibo ថា “ខ្ញុំ សុំទោស សមាជិកក្រុមរបស់ខ្ញុំ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំ ក្នុងការបំបែកចេញពីមិត្តភាពដែលខ្ញុំធ្លាប់មានជាច្រើនឆ្នាំជាមួយអ្នកទាំងអស់គ្នា។ សមាជិកខ្ញុំ និងខ្ញុំស្គាល់គ្នាជិត ៨ឆ្នាំហើយ ខ្ញុំអរគុណដែលគ្រប់គ្នាតែងតែធ្វើល្អជាមួយខ្ញុំ។ ខ្ញុំនឹងមិនភ្លេចអារម្មណ៍ទាំងនេះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនឹងនៅតែស្ថិតក្នុងការចងចាំរបស់សមាជិកទាំងអស់ ខ្ញុំស្រលាញ់សមាជិកទាំងអស់ខ្លាំងណាស់ ហើយនឹងបន្តគាំទ្រពួកគេអស់ពីចិត្តដូចពីមុន”។
ខ្ញុំបានគិតអំពីរឿងនេះជាយូរមកហើយ មុនពេលសម្រេចចិត្តចាកចេញពីក្រុម ជាចុងក្រោយ ខ្ញុំគិតថាវាល្អបំផុតសម្រាប់អ្នករាល់គ្នា។ នៅថ្ងៃអនាគត ខ្ញុំនឹងតបស្នងការរង់ចាំរបស់អ្នកទាំងអស់គ្នា ដោយប្រមូលផ្តុំភាពក្លាហាន ហើយជួបគ្នា។ ខ្ញុំចង់ធ្វើជាតារាទោល ខ្ញុំនឹងបង្ហាញផ្នែកដ៏ល្អបំផុតនៃខ្លួនខ្ញុំដល់មនុស្សគ្រប់គ្នា ជាថ្នូរនឹងអ្នកគាំទ្រ ដែលតែងតែគាំទ្រខ្ញុំ។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំនឹងព្យាយាមក្លាយជា Huang Xuxi ។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអ្នកដែលបានបន្តគាំទ្រខ្ញុំ សូមអរគុណច្រើន”៕
ប្រភព៖sanook










