តារាចម្រៀង កែវ ទិត្យផល្លី ដែលជាបេក្ខជនម្នាក់ប្រលងបាក់ឌុបក្នុងឆ្នាំ២០២៦ បានចេញជាវីដេអូមួយដើម្បីបន្ធូរភាពតានតឹងរបស់ខ្លួនក្រោយពីមានមនុសជាច្រើនរំពឹងថានាងនឹងទទួលបាននិទ្ទេស A។ យ៉ាងណា ផល្លី បានសារភាពថាការប្រលងរបស់នាងអាចទទួលបាននិទ្ទេស B ឬអាចធ្លាក់ដល់និទ្ទេស C ដោយសារតែលំហាត់មួយចំនួននាងពុំដែលឃើញសោះឡើយ។

កែវ ទិត្យផល្លី បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុក ដោយបង្ហាញថាមានមនុស្សជាច្រើនគឺចង់ដឹងពីលទ្ធផលរបស់នាងច្រើនប៉ុន្តែក្រោយពេលបញ្ចប់ការប្រលងហើយនាងអាចស្មានដឹងពីលទ្ធផលរបស់ខ្លួនឯងអាចត្រឹមទទួលបាននិទ្ទេស B ប៉ុណ្ណោះ។ តារាចម្រៀងវ័យក្មេងរូបនេះបាននិយាយថាវិញ្ញាសាគណិតវិទ្យាឆ្នាំនេះគឺនាងមិនដែលជួបទាល់តែសោះគឺថ្មីសម្រាប់នាង ចំណែកឯវិញ្ញាសា គីមីវិទ្យា វិញនាងក៏ភ្លាត់ធ្វើមិនបានគ្រប់ជ្រុងជ្រោយដែរ។
អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី២ រូបនេះបានបន្ថែមថា ការភ្លាត់ទៅលើមុខវិជ្ជាគណិតនិងគីមី អាចនឹងទាញមុខវិជ្ជាផ្សេងៗទៀតអាចនឹងទទួលបាននិទ្ទេស B ឬអាចលោតដល់និទ្ទេស C ។ ការចេញមកនិយាយនេះ កែវ ទិត្យផល្លី ថាដោយសារតែមានអ្នករំពឹងច្រើនលើនាងថានឹងទទួលបាន A ហើយមានវីដេអូសម្ភាសនាងច្រើនពីការប្រលងបាក់ឌុបដូច្នេះនាងចង់បញ្ចេញអារម្មណ៍របស់ខ្លួនឱ្យធូរស្រាល។ កន្លងមក កែវ ទិត្យផល្លី បានជាប់ចំណាត់ថ្នាក់លេខ ៤ក្នុងការប្រឡងសិស្សពូកែអក្សរសិល្ប៍ប្រចាំរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ផងដែរថាក្នុងពេលដែលកំពុងផ្តោតលើការសិក្សា កែវ ទិត្យផល្លី បានឃ្លាតឆ្ងាយពីវិស័យសិល្បៈគួរឱ្យកត់សម្គាល់។ យ៉ាងណា កែវ ទិត្យផល្លី បានបង្ហាញខ្លួនធ្វើជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមទាក់ទងនឹងការសិក្សា ជីវិតប្រចាំថ្ងៃ រួមទាំងពេលវេលាសម្រាប់ខ្លួនឯងក្នុងការគាំទ្រតន្រ្តី K-Pop៕










