Home ព័ត៌មានអន្តរជាតិ ប៉ូលិសចិនចាប់ខ្លួនបុរសម្នាក់ក្រោយប្រើប្រាស់កម្មវិធី ChatGPT

ប៉ូលិសចិនចាប់ខ្លួនបុរសម្នាក់ក្រោយប្រើប្រាស់កម្មវិធី ChatGPT

119
0

ប្រទេសចិន ៖ ប៉ូលិសចិនបានចាប់ខ្លួនបុរសម្នាក់ពីបទចោទប្រកាន់ថា បុរសនេះប្រើប្រាស់កម្មវិធី ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម ។ ដូច្នេះ វាជាលើកដំបូងដែលប្រទេសចិនចាត់ការរឿងក្តីទាក់ទងនឹង AI Chatbot ដ៏ឆ្លាតវៃនេះ ។

ប៉ូលិសក្នុងតំបន់ Gansu រាយការណ៍ថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរឿងរថភ្លើងបុកគ្នា ។ បុរសនេះបានបង្ហោះព័ត៌មានរថភ្លើងបុកគ្នាក្នុងបណ្តាញសង្គម ដើម្បីរកប្រាក់ចំណេញពីព័ត៌មាន ហើយអត្ថបទនេះមានអ្នកចូលមើលរហូតដល់១៥.០០០លើក ។ បើទោះជាចិនហាមឃាត់ការប្រើប្រាស់ ChatGPT ក្តី ប៉ុន្តែអ្នកប្រើប្រាស់អ៊ីនធើរណេតជាច្រើននៅចិនបានលួចប្រើប្រាស់កម្មវិធី VPN ដើម្បីចូលទៅលេង ChatGPT ។

សារព័ត៌មាន CNN រាយការណ៍ថា ហេតុការណ៍រថភ្លើងបុកគ្នា គឺជាប្រធានបទរសើបខ្លាំងនៅចិន ដោយសារនៅឆ្នាំ២០១១ ប្រទេសចិនធ្លាប់កើតហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Wenzhou ខេត្ត Zhejiang ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤០នាក់ និងរងរបួសរាប់រយនាក់ទៀត ។ ដូច្នេះ ធ្វើឱ្យពលរដ្ឋចិនខឹងសម្បារជាខ្លាំង ហើយពួកគេត្រូវការចម្លើយថា ហេតុអ្វីបានជាសារព័ត៌មានរបស់រដ្ឋាភិបាលមិនចុះផ្សាយព័ត៌មាននេះឱ្យពលរដ្ឋបានដឹង ។

ប៉ូលិសនៅតំបន់ Gansu បន្ថែមថា បុរសនេះមាននាមត្រកូល ហុង ។ កាលពីថ្ងៃទី៥ ខែឧសភា កន្លងមក គេបានស៊ើបអង្កេតបុរសនេះនៅទីក្រុង Dongguan ស្ថិតនៅភាគខាងត្បូងខេត្តក្វាងទុង រកឃើញថា បុរសនេះបានប្រើបច្ចេកវិទ្យាខាងលើធ្វើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយលើអ៊ីនធើរណេត ហើយព័ត៌មានក្លែងក្លាយនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ ឥរិយាបថរបស់ជនល្មើសចាត់ទុកថា មានទោសពីបទបះបោរ និងបង្កឱ្យកើតភាពរញ៉េរញ៉ៃក្នុងសង្គម ។

របាយការណ៍បញ្ជាក់ថា ការចាប់ខ្លួនបុរសហុង គឺជាករណីដំបូងនៅតំបន់ Gansu ក្រោយពីខែមករា ឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងអ៊ីនធើរណេតរបស់ចិនបានប្រកាសអនុវត្តច្បាប់ថ្មី ដើម្បីកុំឱ្យមានការប្រើប្រាស់ AI បន្លំព័ត៌មានតាមរយៈវីដេអូ, រូបភាព ឬសំឡេង ។ សារព័ត៌មាន CGTN របស់រដ្ឋាភិបាលចិនរាយការណ៍ថា វាជាលើកដំបូងដែលចិនបានចាប់ខ្លួនជនល្មើសប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiicPKYwQY03vOIgU-QTx7y2BONutu3CWwfJaeVkMyn5pmebtU079evMc2tEHKq4oO-xDITmCG7eoBvGvL_eY3XUV2ll2rp-vVjdBGkMQrT6b5B41okpQ6aYy15ySwBqd5_oC4SUFSMc37THWMXqAh-RoRPTmDoimijEtNVx6W7nFUQ6iyup5IwilBw/s768/photo_2023-05-10_15-05-17.jpg

ប្រភព ៖ Thestandard