សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសឧបត្ថម្ភ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ការឧបត្ថម្ភនេះ សម្តេច បានប្រកាសនៅលើប្រព័ន្ធតេលេក្រាមនារសៀលថ្ងៃទី១០ ខែឧសភា ខណៈសម្តេចកំពុងប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។
សម្តេច បានប្រកាសយ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ
ឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា
យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ(10,000$)។សូមលោកសេង ទៀងយកថវិកាជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ»។
គួរបញ្ជាក់ផងដែរថា កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។ ភាពអត់ធ្មត់ និងការតស៊ូរបស់កីឡាការិនីរូបនេះបានឆាបឆក់បេះដូងមហាជនទាំងជាតិនិងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួននិងសប្បុរសជនបានប្រកាសឧបត្តម្ភជាបន្តបន្ទាប់៕












