Farhan Halim គឺជាកីឡាករបាល់ទះវ័យក្មេងនិងលេចធ្លោមួយរូបនៅក្នុងប្រទេសឥណ្ឌូនេសុីនាពេលបច្ចុប្បន្ន ដែលបានជួយឱ្យក្រុមជម្រើសជាតិឥណ្ឌូនេសុីទទួលបានមេដាយមាស២ឆ្នាំជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍សុីហ្គេម។
ជាមួយនឹងកម្ពស់ ១.៩៣ម៉ែត្រ កីឡាករដែលកើតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ រូបនេះ ដៃម្ខាងរបស់គេមានម្រាមតែ ៤ប៉ុណ្ណោះដោយសារកូនដៃមួយត្រូវបានវេជ្ជបណ្ឌិតកាត់ចេញបន្ទាប់ពីរងរបួសក្នុងឧបទ្ទវហេតុមួយរួចមក។
ចាប់ផ្តើមជាមួយនឹងដំណើរជីវិតដ៏សាមញ្ញ Farhan Halim មានចំណូលចិត្តលើកីឡាបាល់ទះតាំងពីអាយុ ១២ឆ្នាំនិងបានកសាងកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់រហូតបានក្លាយខ្លួនជាកីឡាករអាជីពនៅបណ្តាក្លិបធំៗដូចជា Jakarta Pertamina Pertamax នាឆ្នាំ២០១៩ និងលេចមុខខ្លាំងនៅក្នុងពានរង្វាន់ Proliga 2020 រហូតបានជាប់ជាកីឡាករឆ្នើមដោយទទួលបានតំណែងជា Best Server of Proliga 2022 ថែមទៀតផង។
ក្រៅពីប្រទេសកំណើត រូបគេក៏បានលេងនៅក្លិប Hatta Club Dubai នៅសហភាពអារ៉ាប់រួមអេមីរ៉េត (UAE) ដោយបានចូលរួមប្រកួតប្រជែងពាន the United Arab Emirates Volleyball League (UAE) in 2020/2021 និងបាននាំឲ្យក្រុមនេះឈ្នះពាន the United Arab Emirates Junior Volleyball League (UAE) ថែមទៀត និងក្លាយជាតារាបាល់ទះដ៏ល្បីល្បាញនាព្រឹត្តិការណ៍សុីហ្គេមលើកទី៣១ ព្រមទាំងបានជួយក្រុមរបស់ខ្លួនការពារមេដាយមាសបានសម្រេចតាមរយៈការយកឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២នេះផងដែរ៕