អស់ពី ហ៊ាទី ចេញវីដេអូស្នើសុំកុំឱ្យអ្នកមួយចំនួនឆាតមកសុំលុយរបស់ខ្លួនពេលនេះឈានដល់តារាចម្រៀង លីម តិចម៉េង វិញម្តងដោយលោកបានបញ្ជាក់ថាលោកមិនមែនជាអ្នកមាននោះទេខណៈដែលការខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះគ្មានសល់អ្វីច្រើននោះទេដោយចំណូលមួយផ្នែកជួយម្តាយ ផ្គត់ផ្គង់ការសិក្សាប្អូន និងរៀបចំពិធីមង្គលការប្អូនជាដើម។ ការចេញមកបញ្ជាក់បែបនេះដោយសារតែ តិចម៉េង ទទួលបានឆាតជាច្រើនដោយមានការសុំលុយលោកចាប់ពី២ដុល្លាររហូតដល់៥ម៉ឺនរៀល។
នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លីម តិចម៉េង បានបង្ហោះវីដេអូមួយដោយសារតែមានអ្នកមួយចំនួនប្រើគ្រប់មធ្យោបាយនិងរិះរកគ្រប់វិធីទាំងការឆាត ទាំង Call ជេរផងសុំលុយលោកផង។ ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបញ្ជាក់ថាលោកមិនមែនជាអ្នកមាននោះទេ។ ក្នុងរយៈពេល៤ឆ្នាំនៃការធ្វើជាអ្នកចម្រៀងនេះ តិចម៉េង បានបញ្ជាក់ថាលោកមិនសូវអ្វីច្រើននៅក្នុងខ្លួននោះទេ ប៉ុន្តែលោកអាចជួយផ្គត់ផ្គង់គ្រួសារទាំងម្តាយ ប្អូនៗ រួមទាំងលោកឪពុក។.png)
នៅពីក្រោមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក លីម តិចម៉េង បានបង្ហាញពីសារដែលមានអ្នកសុំលុយលោកមានទម្រង់ជាច្រើនទាំងការនិយាយថាខ្លួនជាហ្វេនរបស់ តិចម៉េង ដោយមានទាំងការសុំកាត សុំលុយយកទៅឱ្យម្តាយធ្វើបុណ្យ សុំលុយដើម្បីយកទៅមើលប្រពន្ធជាដើម។.png)
ក្រោយ លីម តិចម៉េង បង្ហោះវីដេអូនិងឆាតដែលមានការសុំលុយចាប់ពី ២ដុល្លាររហូតដល់៥ម៉ឺនរៀល អ្នកលេងបណ្តាញសង្គមដទៃទៀតបានរិះគន់ចំពោះសកម្មភាពបែបនេះដោយចាត់ទុកថាមិនសមរម្យ មិនចេះខំរកដោយខ្លួនឯងគិតតែពីសុំលុយគេ។ ចំណែកអ្នកខ្លះថាទង្វើនេះគឺជាអ្នកសុំទានតាមអនឡាញ៕










