ថ្មីៗនេះអតីតភរិយាតារាចម្រៀង ហ្សូណូ អ្នកនាង អ្នកនាង ចាន់ សុផានី បានចេញមុខទម្លាយរឿងក្នុងគ្រួសារជាថ្មី និងប្រកាសសុំឱ្យ ហ្សូណូ ជួយផ្គត់ផ្គង់កូនស្រីអាចមានលទ្ធភាពបន្តសិក្សាឱ្យចប់ចុងចប់ដើមព្រោះខ្លួនខ្វះលទ្ធភាព ខណៈលោក ហ្សូណូ វិញព្យាយាមរក្សាភាពស្ងៀមស្ងាត់បំផុតមិនតបតអ្វីនៅលើបណ្តាញសង្គមឡើង ក្រៅពីពាក្យ «ពេលវេលាជាអ្នកបង្ហាញការពិត»។
មានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីអតីតពិធីការិនី ចាន់ សុផានី ត្រូវជាអតីតភរិយាលោក ហ្សូណូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចេញមុខសុំឱ្យតារាចម្រៀងរូបនេះទទួលខុសត្រូវចំពោះកូនស្រីក្រោយរូបអ្នកនាងចិញ្ចឹមមើលថែកូនស្រីម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ការចេញមុខរបស់អ្នកនាង ចាន់ សុផានី ដោយបែកចំហនេះក្រោយពីកូនស្រីឈ្មោះ មុន្នីផ្កា មានការពិបាកក្នុងការទំនាក់ទំនងទៅតារាចម្រៀង ហ្សូណូ ជាឪពុក ខណៈអ្នកនាងអស់លទ្ធភាពហើយនឹងចង់ឱ្យកូនស្រី អាចបន្តការសិក្សាបានចប់ចុងចប់ដើម។ ជាមួយគ្នានេះ អ្នកនាង ចាន់ សុផានី បានផ្តល់បទសម្ភាសមួយទាំងទឹកភ្នែក ឃើញថាលោក ហ្សូណូ រស់នៅយ៉ាងស៊ីវិល័យពុំសូវខ្វល់ដំណក់ឈាមរបស់កូនថារស់នៅយ៉ាងណា រហូតអតីតពិធីការិនីខាងលើនេះក៏បានស្រែករកជំនួយផ្លូវច្បាប់ផងដែរ។
ដ្បិតថា អតីតភរិយាចេញមកទម្លាយយ៉ាងណា ងាកទៅកាន់តារាចម្រៀង ហ្សូណូ វិញពុំតបតអ្វីនៅលើបណ្តាញសង្គមឡើង ខណៈកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លោកបានបង្ហោះឃ្លាមួយជាមួយរូបភាពថា «ពេលវេលាជាអ្នកបង្ហាញការពិត» ដោយភ្ជាប់ពីកន្លែងដែលលោកច្រៀងក្នុងកម្មវិធីប្រគំតន្រ្តី។
គួររម្លឹកថា កាលពីដើមខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលម្តងហើយក្រោយពីអ្នកនាង ចាន់ សុផានី អតីតគូស្នេហ៍របស់តារាចម្រៀង ហ្សូណូ បានបង្ហាញក្តីឈឺចាប់ក្រោយតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំ ដែលកាលនោះលោក ហ្សូណូ ក៏បង្ហាញភាពស្ងប់ស្ងាត់ដូចគ្នា។
ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញបានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដោយអ្នកខ្លះក៏បានបង្ហាញចំណាប់អារម្មណ៍សម្តែងការមិនពេញចិត្តចំពោះទង្វើលោក ហ្សូណូ ថាគ្មានទំនួលខុសត្រូវចំពោះកូនទោះបីជារស់នៅមិនចុះសម្រុងយ៉ាងណាគួរគិតដល់កូន និងអ្នកខ្លះទៀតក៏លើកឡើងថា កុំទាន់វាយតម្លៃនរណាម្នាក់គ្រាន់ស្តាប់ម្ខាងរឿង គេមានតែគាត់២នាក់នឹងដែលដឹងរឿងច្បាស់៕










