ប្រទេសថៃ ៖ លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជ្រាបពីការតាមដានទីផ្សារផលិតផលថៃក្នុងកម្មវិធី Taste of Thailand ដែលរៀបចំឡើងនៅហាងលក់រាយ MM Mega Market នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣-២៦ ខែមេសា ឆ្នាំ២០២៣ ។ គេសង្កេតឃើញថា មានផលិតផលថៃជាង២.៤០០មុខបានដាក់តាំងបង្ហាញក្នុងហាង ដែលមានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនវៀតណាម ។
លោក Anucha Burapachaisri ថ្លែងថា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាដឹកជញ្ជូនប្រទេសថៃ បានធ្វើដំណើរទៅទស្សនាការតាំងបង្ហាញផលិតផលថៃក្នុងកម្មវិធី Taste of Thailand កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក ។ ការរៀបចំព្រឹត្តិការណ៍ Taste of Thailand លើកនេះបានផ្សព្វផ្សាយពីផលិតផល និងសកម្មភាពចម្អិនម្ហូប ដោយគេបានប្រើប្រាស់គ្រឿងផ្សំពីប្រទេសថៃ ។
ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងហូជីមិញ សហការជាមួយហាង MM Mega Market Vietnam បាននាំចូលផលិតផលថៃ ដូចជា គ្រឿងផ្សំអាហារថៃ ភេសជ្ជៈ នំកញ្ចប់ និងផ្លែឈើ ជាពិសេស អំពិលផ្អែម ត្រូវបានគេយកមកតាំងក្នុងកម្មវិធីនេះ ដើម្បីជំរុញផលិតផលថ្មីៗរបស់ថៃមកកាន់ទីផ្សារវៀតណាម និងជាជម្រើសសម្រាប់អតិថិជនវៀតណាមផងដែរ ។
ស្ថិតិរបស់នាយកដ្ឋានគយវៀតណាមបង្ហាញថា ប្រទេសវៀតណាមបាននាំចូលផលិតផលអាហារ និងនំកញ្ចប់ ស្មើនឹងទឹកប្រាក់១៦៧.៥៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ កើនឡើង១៩% ខណៈនៅឆ្នាំ២០២១ ការនាំចូលផលិតផលស្មើទឹកប្រាក់ត្រឹមតែ១៤១.៣១លានដុល្លារអាមេរិកប៉ុណ្ណោះ ។
លោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីបានសរសើរពីការពេញនិយមនៅទូទាំងពិភពលោកចំពោះផលិតផលថៃ និងអរគុណចំពោះការតាមដានផលិតផលថៃក្នុងកម្មវិធី Taste of Thailand ។ ដូច្នេះ ចាត់ទុកថា វាជាឱកាសពាណិជ្ជកម្មដ៏សំខាន់ ព្រមទាំងគាំទ្រផលិតផលថ្មីៗរបស់ថៃចូលទៅកាន់ទីផ្សារនាំចេញ ។ ផលិតផលថៃ គឺជាផលិតផលមានសក្តានុពលក្នុងតំបន់ និងទីផ្សារពិភពលោក ហើយលោកនាយករដ្ឋមន្ត្រីជឿថា ដោយសារផលិតផលថៃល្បីល្បាញខាងគុណភាព និងមានការពេញនិយមពីអតិថិជន វានឹងក្លាយជាគុណសម្បត្តិសំខាន់មួយដើម្បីពង្រីកទីផ្សារនាំចេញកាន់តែច្រើន» ៕
ប្រភព ៖ mgronline










