ប្រទេសទីម័រខាងកើត ឬ ទីម័រលេស្ត, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ដែលមានរដ្ឋធានីនៅឌីលី និងមានផ្ទៃដីសរុប ១៥,០០៧ គីឡូម៉ែត្រការ៉េ។ ប្រទេសទីម័រមានព្រំដែនជាប់ឥណ្ឌូណេស៊ីប្រវែង ២២៨ គីឡូម៉ែត្រនិងឆ្នេរប្រវែង ៧០៦ គីឡូម៉ែត្រ។ បច្ចុប្បន្នទីម័រខាងកើតមានប្រជាជនចំនួនជាង ១ លាននាក់ដោយពួកគេនិយាយទាំងភាសាតាទុម និងភាសាព័រទុយហ្គាល់ ហើយប្រជាជនទីម័រខាងកើតភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។
នៅដើមសតវត្សរ៍ទី១៦ ជនជាតិ ព័រទុយកាល់ បានចូលមកធ្វើជំនួញនៅលើកោះ ទីម័រខាងកើត រួចបានយកធ្វើជាទឹកដីអាណានិគមរបស់ខ្លួននៅប្រហែលពាក់ កណ្ដាលសតវត្សទី ១៦ក្រោយមក ដោយមានការប៉ះទង្គិចដោយអាវុធពួក ហូឡង់ និងកិច្ចព្រមព្រៀងឆ្នាំ ១៨៥៩ ទឹកដីនៃកោះទីម័រខាងកើត ត្រូវបានបែងចែកជាពីរ កំណាត់ខាងលិច ត្រួតត្រាដោយ ហូឡង់ និងមួយកំណាត់ខាងកើត ត្រួតត្រាដោយ ព័រទុយកាល់ ឆ្នាំ១៩៤២ ដល់ ១៩៤៥ ទីម័រខាងកើត ត្រូវបាន ជប៉ុន ចូលកាន់កាប់ នៅពេលដែល ជប៉ុន ចាញ់សង្គ្រាមលោកលើកទីពីរ មក ព័រទុយកាល់ត្រឡប់មក ត្រួតត្រាទីម័រខាងកើតវិញ ។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ទីម័រខាងកើត បានប្រកាសឯករាជ្យពីការត្រួតត្រា ព័រទុយកាល់ បានតែ៩ ថ្ងៃប៉ុណ្ណោះ កងទ័ពឥណ្ឌូណេស៊ី បានចូលលុកលុយនិងកាន់កាប់នៅខែកក្កដា ឆ្នាំ១៩៧៦។
រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ទីម័រខាងកើតបានប្រកាសឯករាជ្យយ៉ាងពេញលេញម្តងទៀត ហើយក៏បានចូលឈ្មោះជាសមាជិកអង្គការសហប្រជាជាតិផងដែរ។ ក្នុងឆ្នាំ២០១១ ទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកទី១១ នៃអាស៊ាន ប៉ុន្តែសិង្ហបុរី ធា្លប់បានជំទាស់រួចទៅហើយ ចំពោះការសុំចូលជាសមាជិកភាព ដ្បិតព្រួយបារម្ភអំពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយការរង់ចាំអស់រយះពេល១១ឆ្នាំទីបំផុតទីម័រខាងកើតបានចូលជាសមាជិកអាស៊ាន នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់កម្ពុជា បានជំរុញឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកទី១១របស់អង្គការតំបន់អាស៊ាន នឹងបានអនុញ្ញាតប្រទេសមួយនេះចូលជាសមាជិក តាមគោលការណ៍ ប៉ុន្តែមិនទាន់ពេញសិទ្ធិនោះទេ៕










