មួយថ្ងៃ មុនបើកព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជា អត្តពលិកវៀតណាម ៥ នាក់ ត្រូវបានប្រកាសជាផ្លូវការ និងដកហូតមេដាយ ដោយសារធ្វើតេស្តវិជ្ជមានរកឃើញ សារធាតុហាមឃាត់ក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣១ កាលពីឆ្នាំមុន ដែលកាលនោះវៀតណាមផ្ទាល់ជាម្ចាស់ផ្ទះ។
សហព័ន្ធអត្តពលិកវៀតណាមបានបញ្ជាក់ថា អត្តពលិកដែលមានបញ្ហាជាប់ពាក់ព័ន្ធនឹងបញ្ហាសារជាតិញៀនរួមមាន៖
- Quach Thi Lan ម្ចាស់មេដាយ មាស និងសំរឹទ្ធ

- Khuat Phuong Anh ម្ចាស់មេដាយមាស និងប្រាក់

- Vu Ngoc Ha ម្ចាស់មេដាយប្រាក់

- Hoang Thi Ngoc ម្ចាស់មេដាយប្រាក់

- Le Ngoc Phuc ម្ចាស់មេដាយប្រាក់

អត្តពលិកទាំង៥រូប សុទ្ធតែជាបេក្ខភាពមកដណ្តើមមេដាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ក៏ប៉ុន្តែដោយសារតែខាងវៀតណាមបានរកឃើញថាពួកគេមានកំហុស ផ្ទុកសារជាតិញៀនកាលពីឆ្នាំ២០២១នោះ ដូច្នេះពួកគេត្រូវទទួលពិន័យ មិនឱ្យមកចូលរួមប្រកួតនៅកម្ពុជា និងថែមទាំងដកហូតមេដាយថែមទៀត៕
ប្រភព៖ Vietnam News










