ប្រទេសថៃ ៖ កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានបង្ហោះពាក្យពេជន៍នៅក្នុងបណ្តាញសង្គម ដែលជាការសរសេរពាក់ព័ន្ធនឹងកីឡាករប្រេស៊ីលបេះដូងខ្មែរ លោក Thiago Teixeira ថា ធ្លាប់ឡើងប្រដាល់ក្នុងកម្មវិធីជាមួយគ្នា ប៉ុន្តែបែរជាមកគាំទ្រគុនខ្មែរទៅវិញ ។.jpg)
ប្រទេសថៃនិយាយថា កីឡាករប្រេស៊ីល Thiago ធ្លាប់បានហ្វឹកហាត់កីឡា Muay Thai តាំងពីក្មេងមក ហើយកីឡាកររូបនេះបានរស់នៅដោយសារអាជីពជាអ្នកប្រដាល់នៅលើសង្វៀនអស់រយៈពេលជាង១៧ឆ្នាំ នៅប្រទេសថៃ ប៉ុន្តែទីបំផុត កីឡាករ Thiago បែរជាទៅសរសើរកីឡាគុនខ្មែររបស់ប្រទេសកម្ពុជាទៅវិញ ។
ប្រទេសថៃនិយាយទៀតថា កីឡាករ Thiago ធ្លាប់ធ្វើដំណើរមកហ្វឹកហាត់នៅកោះសាមុយ និងបានឡើងប្រកួតលើសង្វៀនប្រដាល់ថៃជាច្រើនកន្លែងទាំងថ្នាក់តំបន់ និងថ្នាក់ប្រទេស មិនថាក្នុងកម្មវិធី Thai Fight និង Muay Thai Fighter X ប៉ុន្តែនៅទីបំផុត កីឡាកររូបនេះបែរជាប្តូរចិត្តទៅជឿលើកីឡាគុនខ្មែរថា ជាក្បាច់គុនការពារខ្លួនរបស់ប្រទេសកម្ពុជា រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់មិនពេញចិត្ត និងរិះគន់មិនឈប់ឈរ ។
នៅទីបំផុត កីឡាករ Thiago ត្រូវបានអង្គការ Muay Thai ពិភពលោក (World Muaythai organization) ដកហូតខ្សែក្រវាត់ជើងឯក ព្រមទាំងហាមឃាត់កីឡាករវ័យ៣៥ឆ្នាំរូបនេះចូលរួមប្រកួតថ្នាក់អន្តរជាតិទាំងអស់ ដែលធ្វើឱ្យកីឡាករ Thiago សម្រេចចិត្តមិនត្រឡប់មកប្រទេសថៃទៀតឡើយ ។ កីឡាករ Thiago បានជ្រើសរើសរស់នៅក្នុងប្រទេសកម្ពុជា ក្រោយពីទទួលបានសញ្ជាតិខ្មែរ និងមានឈ្មោះជាភាសាខ្មែរថា សែន ចន្ទរិទ្ធីគុន ។
កាលពីថ្ងៃទី១៥ ខែមេសា កីឡាករថៃប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានសរសេរបង្ហោះក្នុងបណ្តាញសង្គម អំពីកីឡាករប្រេស៊ីលថា ៖ «ឱ្យគាត់រស់នៅប្រទេសកម្ពុជាយ៉ាងសប្បាយចិត្តចុះ ហើយកុំមកឱ្យពលរដ្ឋថៃឃើញមុខទៀតឱ្យសោះ» ។ ការបញ្ចេញមតិបែបនេះ បានធ្វើឱ្យពលរដ្ឋថៃពេញចិត្តយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា កីឡាករ Phatthana Gas មានឈ្មោះពិតថា Wanchalerm គឺជាកីឡាករប្រដាល់ថៃមួយរូបដែលពលរដ្ឋថៃលើកសរសើរ និងគោរព ដោយសាររូបគេគាំទ្រលើកស្ទួយកីឡា Muay Thai ជាខ្លាំង ។ Wanchalerm និយាយថា Muay Thai ធ្វើឱ្យខ្លួនគេមានជីវិតល្អប្រសើរឡើង ហើយរូបគេមិនភ្លេចគុណកីឡាប្រចាំជាតិទេ ព្រមទាំងធ្លាប់ប្រកាសថា ៖ «កីឡា Muay Thai គឺជារបស់ជនជាតិថៃ ហើយមិនឱ្យប្រទេសណាយកជាដាច់ខាត ។ ខ្ញុំស្រឡាញ់ Muay Thai ខ្លាំងបំផុតក្នុងជីវិត» ៕ ប្រភព ៖ sanook sport










