តាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានឱ្យដឹងថាក្រុមការងារសង្ក្រាន្តស្វាយរៀងសហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា។ ការរៀបចំនេះធ្វើឡើងតាមអនុសាសន៍របស់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
កម្មវិធីខាងលើនេះមានដូចខាងក្រោមប្រពឹត្តិទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីម៉ោង ១រសៀល ដល់ម៉ោង៥ល្ងាច និង – ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា ដែលមានទីតាំងនៅក្នុងក្រុងស្វាយរៀង តាមបណ្តោយផ្លូវមុខសាលាខេត្តស្វាយរៀង។
គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខេត្តស្វាយរៀងមានភ្ញៀវទេសចរសរុបចំនួន ៧៦០.៣៩៩ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦០នាក់ ខណៈទូទាំងប្រទេសមានភ្ញៀវទេសចរជាង១៣លាននាក់៕











