គ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា បានបង្ហើបពីអារម្មណ៍របស់ខ្លួនអបដោយសេចក្តីរំភើបព្រោះក្តីស្រមៃរយៈពេល៨ឆ្នាំរបស់នាងបានសម្រេចហើយក្នុងឆ្នាំ២០២៣នេះដោយតារាចម្រៀងវ័យក្មេងរូបនេះបានច្រៀងលើឆាកធំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខណៈជាក្តីស្រមៃរបស់នាងកាលពីមុន។
ប្រិយមិត្តជ្រាបមកហើយថា តន់ ចន្ទសីម៉ា បានសាងភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីក្លាយជាតារាចម្រៀងស្រីលេចធ្លោជាគ្រាប់ពេជ្ររបស់ផលិតកម្មរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ ភាពជោគជ័យរបស់ តន់ ចន្ទសីម៉ា មិនមែនកើតឡើងដោយគ្មានខិតខំប្រឹងប្រែងឡើយ។ ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះរូបនេះជាអតីតសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ និងធ្លាប់ឆ្លងកាត់កម្មវិធីប្រកួតចម្រៀងតូចធំដើរតាមក្តីស្រមៃរបស់ខ្លួនលើអាជីពសិល្បៈ។.jpg)
យ៉ាងណា ដ្បិតការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២កាលពីឆ្នាំ២០១៦ តន់ ចន្ទសីម៉ា មិនទទួលបានភាពជោគជ័យតែនាងក៏មានឱកាសក្លាយជាតារាចម្រៀងរបស់ផលិតកម្មហ្គាឡាក់ស៊ីក្នុងឆ្នាំ២០១៩រហូតក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មតែម្តង ខណៈរាល់បទចម្រៀងរបស់នាងចេញលើទីផ្សារទទួលបានការគាំទ្រយ៉ាងខ្លាំង។
អ្វីដែលកាន់តែធ្វើឱ្យមហាជនពោលសរសើរពីតារាចម្រៀងរូបនេះបន្ថែមទៀតគឺ តន់ ចន្ទសីម៉ា បានបង្ហើបប្រាប់អ្នកគាំទ្រថាក្តីស្រមៃរបស់ខ្លួនរយៈពេល៨ឆ្នាំបានក្លាយជាការពិតហើយ។ ម្ចាស់បទ «ឡានសារ៉ែន» បានរៀបរាប់យ៉ាងដូច្នេះថា «ពីយុវជនស្ម័គ្រចិត្តស.ស.យ.ក-ខេត្តតាកែវច្រៀងបទ នគររាជ និងពង្សាវតាបើក អង្គរសង្ក្រាន្តឆ្នាំ២០១៥ ធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយខ្ញុំនឹងច្រៀងលើឆាកធំ អង្គរសង្ក្រាន្តឱ្យបាន ពេលនេះខ្ញុំធ្វើបានហើយ អរគុណជាពិសេសដល់ពុកម៉ែបងប្អូនដែលគាំទ្រឆ្នាំ២០២៣នេះខ្ញុំមានកិត្តិយសបានសម្ដែងនៅឆាកធំទីលានជល់ដំរីជាមួយនឹងបទ «ស្រឡាញ់អ្វីដែលខ្មែរមាន»។
អ្នកលេងបណ្តាញសង្គមបានកោតសរសើរកញ្ញា តន់ ចន្ទសីម៉ា បានលើកឡើងថា «នេះមិនមែនជាភាព ចៃដន្យទេ តែ ជា លទ្ធផល នៃការ តស៊ូ មិនចុះចាញ់ របស់ប្អូនស្រី, ឱ្យតែមិនបោះបង់ យើងប្រាកដជាអាចធ្វើបាន, ក្តីស្រមៃតែងតែមានលើមនុស្សគ្រប់គ្នា តែទង្វើដែលបានធ្វើមិនប្រាកដថាដូចគ្នាទេ អ្នកខ្លះក៍បានដូចក្តីបំណងប្រាថ្នា អ្នកខ្លះក៏មិនបាន….»។ អ្នកខ្លះទៀតបាននិយាយថា«បទពិសោធន៍ជីវិតការងារ ការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន សមត្ថភាព និងការខិតខំប្រឹងប្រែងដោយខ្លួនឯង នឹងជួយអ្នកអោយសម្រេចក្តីស្រមៃ។ សំណាង និងឱកាសក៏ត្រូវដើរទន្ទឹមគ្នា»។
គួរបញ្ជាក់ផងដែរថា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដែលមានឱកាសបកស្រាយរួមគ្នាជាមួយរៀមច្បងកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ដែលតារាចម្រៀងច្រើនរូបពុំមានឱកាសនេះឡើយ៕










