ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់​កីឡាករប្រដាល់ ​ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។

ដោយកាលពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បង្ហោះ​សារ​ឱ្យ​ដឹងតាម​បណ្តាញ​សង្គម តេ​លេ​ក្រាម ​ថាៈ ” ដើម្បី​ជាការ​លើកទឹកចិត្តខ្ញុំ​សូម​ចូលរួម​ជួយ ឧបត្ថម្ភ ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេ​ស៊ី​ល នូវ​ថវិកា ចំនួន ២០.០០០ ដុល្លារ​។ មួយវិញទៀត ប្រសិនបើ​មិន​ខុស​ទាស់ ផ្នែក​ផ្លូវច្បាប់​ណាមួយរបស់​ប្រេ​ស៊ី​ល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះ មហាក្សត្រ ដើម្បី​ផ្តល់ សញ្ជាតិ​ខ្មែរ ជូន​កីឡាករ Thiago ។​

កីឡាករ​មាន​ដើមកំណើត​នៅ​ប្រទេស​ប្រេ​ស៊ី​ល Thiago Teixeira បានធ្វើឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់​អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ កម្រិត​ពិភពលោក WMO (World Muaythai Organization) សម្រាប់​ការប្រកួត​តំណាងឱ្យ​កម្ពុជាជា​លើកដំបូង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣​។

​នៅពេល​ការប្រកួត​បញ្ចប់​ភ្លាម Thiago បាន​យក​ទង់ជាតិ​របស់​កម្ពុ​ជាមក​បង្ហាញ និង​ចង​ជាប់​នៅក្រោយ​ខ្លួន​របស់គេ​។ សកម្មភាព​បែបនេះ ក៏​ព្រោះតែ Thiago កំពុង​ជាប់ចិត្ត​ខ្លាំង​ជាមួយ​ប្រដាល់​គុន​ខ្មែរ បន្ទាប់ពី​អ្នក​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ បាន​ទៅ​សិក្សា និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​ចម្លាក់​គុន​ខ្មែរ នៅ​ប្រាង្គ​ប្រាសាទ​អង្គរកាលពីពេល​ថ្មីៗ​នេះ ដោយ​បញ្ជាក់ថា «​គុន​ខ្មែរ​» ជា​ក្បាច់គុន​មាន​ដើមកំណើត​នៅ​កម្ពុជា​៕