រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ទីក្រុងបាកមូត (Bakhmut) មានផ្ទៃដីទំហំ៤១,៦គីឡូម៉ែត្រការ៉េ ក្លាយជាសមរភូមិ វាយប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី ហើយឥឡូវ សម្រាប់តែប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានអួតអាង អំពីការដណ្ដើមគ្រប់គ្រងទីក្រុង ភាគខាងកើតមួយនេះ ស្ទើរតែទាំងស្រុង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner និង ជាមនុស្សជំនិតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានអួតអាង ថា កម្លាំងទាហានរបស់គាត់ បានគ្រប់គ្រងទីក្រុងបាកមូត ជាង៨០ភាគរយ។
ស្របគ្នានេះដែរ អ្នកសរសេរព័ត៌មានយោធារបស់រុស្ស៊ី ក៏បានបង្ហោះឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គមតេឡេក្រាម ដោយឃើញលោក ប្រ៊ីហ្គោហ្ស៊ីន កំពុងតែបង្ហាញផែនទី នៃទីក្រុងបាកមូត អំពីរៀបដែលកងកម្លាំងរបស់គាត់ កំពុងតែបន្ដឡោមព័ទ្ធទីក្រុងមួយនេះ។
លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន បានបញ្ជាក់ ថា «ទីក្រុងបាកមូត ជាង៨០ភាគរយ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់យើង ដោយរួមទាំងមជ្ឈមណ្ឌលរដ្ឋបាល រោងចក្រ ឃ្លាំងស្ដុកទំនិញ និង អគាររដ្ឋបាលរបស់ទីក្រុង ភាគខាងកើតមួយនេះ»។
នៅក្នុងឃ្លីបវីដេអូនោះ មេបញ្ជាការកំពូលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល បានយកប៊ិកពណ៌ក្រហម មកគូសលើចំណុចតូចពាក់ព័ន្ធ និង តំបន់លំនៅឋានសំខាន់ៗ ដែលបានធ្លាក់ទៅក្រោមការដណ្ដើមកាន់កាប់របស់ទាហានរុស្ស៊ី។ បើទោះជាយ៉ាងណាក៏ដោយ លោក ប៊្រីហ្គោហ្ស៊ីន នៅតែអះអាង ថា សង្គ្រាមកំពុងតែបន្ដ។ ប៉ុន្ដែគេមិនទាន់ឃើញមានប្រតិកម្ម ពីភាគីអ៊ុយក្រែន ឆ្លើយតបនឹងការអះអាងរបស់លោក ប៊្រីហ្គោហ្ស៊ីន នៅឡើយ។
ការអត្ថាធិប្បាយរបស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានកើតឡើង ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានតំបន់ដូណែតស្ក៍ ដែលបានលើកបន្តុបដោយរុស្ស៊ី ទៅពិនិត្យមើលទីក្រុងបាកមូត ហើយបានអះអាង ថា ទីក្រុងមួយនេះ ប្រហែល៧៥ភាគរយ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ក្រុមមន្រ្ដីយោធារបស់បស្ចិមលោក បានអះអាង ថា ទីក្រុងបាកមូត មានតម្លៃតិចតួច ខាងយុទ្ធសាស្រ្ដ សម្រាប់ភាគីជម្លោះទាំង២។ ប៉ុន្ដែផ្ទុយទៅវិញ រុស្ស៊ី បានចំណាយលើការខាតបង់ទាហាន ស្លាប់ និង របួស ចន្លោះពី២០ ០០០ទៅ៣០ ០០០នាក់ ហើយចំណាយលើគ្រឿងសឹកយ៉ាងច្រើនបំផុត សម្រាប់ទីក្រុងមួយនេះ។
ភាគីជម្លោះ ទាំងអ៊ុយក្រែន និង រុស្ស៊ី បានចាត់ទុកការវាយប្រយុទ្ធគ្នាដណ្ដើមទីក្រុងបាកមូត មានតម្លៃខ្លាំងខាងនយោបាយ ច្រើនជាងយុទ្ធសាស្រ្ដ ព្រោះភាគីជម្លោះ បានកំណត់លើជ័យជម្នះរបស់ពួកគេ។ ប្រសិនបើកម្លាំងទាហានរបស់រុស្ស៊ី ដណ្ដើមកាន់កាប់បានទីក្រុងបាកមូត ទាំងមូល នឹងធ្វើឲ្យលោកប្រធានាធិបតី ពូទីន អួតអាងទៅកាន់ប្រទេសចិន អ៊ីរ៉ង់ និង លោកខាងលិច។ ផ្ទុយទៅវិញ ប្រសិនបើអ៊ុយក្រែន ដណ្ដើមគ្រប់គ្រងបានទីក្រុងបាកមូត ទាំងស្រុងវិញ ក៏ជាការបង្ហាញនូវបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតរបស់ក្រុងមូស្គូ ទៅកាន់ពិភពលោកទាំងមូលផងដែរ៕










