ព្រោះតែប្រជាប្រិយភាព តារាថៃភេទទី៣ នាង នីសាម៉ានី ឡេតវរ៉ាពង្ស (Nisamanee Lertvorapong ហៅ នុត (Nutt) ដែលជា Youtuber ថៃដ៏ល្បីម្នាក់បានតែងខ្លួនជាទេតាឆ្នាំថ្មី ជិះលើខ្នងក្របីពិតៗដើម្បីបានរូបភាពស្អាតៗជូនអ្នកគាំទ្ររបស់ខ្លួនមើលក្នុងឱកាសចូលឆ្នាំថ្មី។ តែជាភ័ព្វសំណាងមិនល្អ តារាកែភេទស្រីរូបនេះត្រូវក្របីកញ្ជ្រោលធ្លាក់ពីលើខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីបង្ហោះរូបភាព និងវីដេអូ ពីការតែងខ្លួនជាទេវតា និងត្រូវធ្លាក់ពីលើខ្នងក្របីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលាន់មាត់យ៉ាងខ្លាំង ដើម្បីបានរូបភាពមកបង្ហោះនៅលើបណ្តាញសង្គម តារាភេទទី៣រូបនេះត្រូវលះបង់ដល់ថ្នាក់ហ្នឹង ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែមេសា តាមការបង្ហោះនៅលើគណនី IG របស់ Youtuber ខាងលើមានឈ្មោះថា nisamanee_nutt
នាងបានរៀបរាប់ថា «សំណាងល្អណាស់ដែលការធ្លាក់ចុះមក មិនប៉ះទង្គិចជាមួយរបងដែក ក៏ត្រូវចាំទុកជាមេរៀនថា ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្នឱ្យបានខ្លាំង ប៉ុន្តែចិត្តរបស់យើងផ្តោតលើប្រជាប្រិយភាព ហាហាហា ។ ពេលនេះ មានស្នាមរបួសតិចៗនៅតាមដងខ្លួន ដោយសារការកោសនឹងដី និងស្នាមជាំនៅត្រង់ត្រគាក ប៉ុន្តែចាប់ផ្តើមធូរស្រាលហើយ»។
គួរបញ្ជាក់ផងដែរថា Youtuber មួយចំនួនហ៊ានប្រឈមទៅកន្លែងគ្រោះថ្នាក់ផ្សេងៗដើម្បីតែភាពល្បីល្បាញ ចង់បានការសរសើរពីអ្នកគាំទ្រខ្លួនដោយមិនខ្លាចបាត់បង់ជីវិតជាយថាហេតុ ខណៈកន្លងមកក៏មាន Youtuber អ្នកល្បីលើបណ្តាញសង្គមនានាត្រូវជាប់ទោស និងបាត់បង់ជីវិត ព្រោះតែទង្វើរបស់ខ្លួនឈ្លោះនឹងភាពល្បីល្បាញផងដែរ៕













