ប្រទេសអារ៉ាប៊ីសាអូឌីត ៖ នៅថ្ងៃទី១១ ខែមេសា គេបានរៀបចំពិធីសម្តែងមួយដើម្បីបង្ហាញពីកីឡា Muay Thai ដែលប្រទេសថៃចាត់ទុកថា វាជាក្បាច់គុនការពារខ្លួនប្រចាំជាតិ នៅមុខស្ថានទូតថៃប្រចាំទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
បច្ចុប្បន្ននេះ ប្រទេសថៃខំព្យាយាមជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា soft power របស់ខ្លួន និងបង្កើនការផ្សព្វផ្សាយទៅកាន់ប្រទេសនានាលើពិភពលោក ដោយថៃចង់បង្ហាញថា វាមានប្រភពមកពីប្រទេសថៃ ។ លើសពីនេះ ប្រទេសថៃអះអាងថា មានជនបរទេសជាច្រើននាក់ចាប់អារម្មណ៍ចង់រៀនកីឡា Muay Thai នៅតាមសាលាបង្រៀន Muay Thai នៅក្រៅប្រទេស ខណៈជនបរទេសខ្លះបានជិះយន្តហោះមករៀនដល់ប្រទេសថៃទៀតផង ។
មន្ត្រីថៃអះអាងថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលចាប់អារម្មណ៍មកលើកីឡា Muay Thai ។ ហេតុនេះ មន្ត្រីអារ៉ាប៊ីសាអូឌីតបានស្នើឱ្យស្ថានទូតថៃប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រៀបចំកម្មវិធីសម្តែងសិល្បៈ Muay Thai និងវិធីតស៊ូការពារខ្លួនផងដែរ ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងអាជ្ញាធរកីឡាប្រទេសថៃ ។ គេបានដាក់ឈ្មោះកម្មវិធីនេះថា Royal Thai Embassy Inaugural Gala ដើម្បីអបអរសាទរគម្រប់ខួប១ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ព្រះអង្គម្ចាស់ Fahad bin Mansour bin Saad bin Saud Al Saud ជាប្រធានសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងឯកអគ្គរាជទូតថៃ លោក Damp Boontham បានរួមគ្នាបើកពិធីបង្ហាញកីឡាប្រដាល់ថៃលើកនេះ ។ មន្ត្រីថៃចូលរួមលើកឡើងថា កីឡា Muay Thai ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ដូចគ្នានឹងក្បាច់គុនការពារខ្លួនផ្សេងទៀតរបស់ថៃផងដែរ ហើយវាបានក្លាយជាកីឡាមួយរបស់ពិភពលោករួចហើយ ដូចជា ការ៉ាតេ យូដូ និងតេក្វាន់ដូ ៕
ប្រភព ៖ ThaiTribune










