ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថារយៈពេល១សប្តាហ៍ខាងមុខចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្លះនៅកម្ពុជាឡើងកម្តៅខ្លាំងជិតដល់៤០អស្សា និងតំបន់ខ្លះទៀតអាចមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់។
តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C ។ ក្នុងនោះពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕










