ភ្នំពេញ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជាទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជានិងផ្សារមូលបត្រកម្ពុជាកាលថ្មីៗនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFbrfLxRUzVq8kI0fA0zwr5NPrqP7oMjbD-T46bCEWa-GzPdm5_Mx6OFQDvU3jIuEyYylrRJcQEIYcEswu3Zz5fowbUFdT7_X8h4sKOaZvgqIXxsmFy_uZI2djsxANCrvgj4_rwZEpwl2lwXOtDcOItLSm-l96OpPqMlK-1jwujYDomsKIhsim6BdI7w/s1280/2023-04-07%2008.59.19.jpg

 យោងតាមក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានឱ្យដឹងថាដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានរៀបចំក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។ 

ស្របពេលនោះ អ្នកឧកញ៉ាក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជាផ្លូវការ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ ១៩។

លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmM_SuxqI99lPfQMMNzUqqatoRAP-oduCZkgPHnVHh7XW5WxVCm3GvOnwX2wDu_VrAqzE2KNldCIZeOkherXBDDEGOu0-72Xobu1KGifswJ-s1SD1ATi0VWLL9vApFIZeUfpXMkilc5glDSPxaFsBAionWmBI1kCjQpfluG96Ml3EbeXrtnoWokBcsYQ/s1280/2023-04-07%2008.59.26.jpg

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំមួយនេះដដែលដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុបចំនួន១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង ២០.០០០នាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

បើតាមក្រុមហ៊ុន ម៉េងលី ជេ. គួច បញ្ជាក់ថាបន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ 

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា៕សារេត