រដ្ឋធានីកៀវ៖ ក្រោយពេលប៉ូឡូញ និង ស្លូវ៉ាគី កំពុងតែបោះជំហានជាប្រវត្ដិសាស្រ្ដលើកទី១ ផ្ទេរយន្ដហោះចម្បាំង ចំនួន៥គ្រឿង ហើយមានផែនការបញ្ជូនយន្ដហោះចម្បាំង សរុប រហូតដល់៣៣គ្រឿង ទៅជួយដល់ក្រុងកៀវ នាពេលខាងមុខបន្ដទៀតនោះ សហរដ្ឋអាមេរិក ក៏បានប្រកាស អំពីកញ្ចប់ជំនួយយោធាថ្មីបន្ថែម រាប់បញ្ចូលទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាម៉ាស់ និង គ្រឿងសឹកផ្សេងៗទៀត មានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារអាមេរិក ជួយដល់អ៊ុយក្រែន។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ថា លោក យូរី អ៊ីណាត (Yuriy Ihnat) អ្នកនាំពាក្យ កងទ័ពអាកាសអ៊ុយក្រែន បានថ្លែង នៅតាមកញ្ចក់ទូរទស្សន៍ Kyiv TV Channel ថា «ប៉ូឡូញ កំពុងតែបោះជំហានជាប្រវត្ដិសាស្រ្ដលើកទី១ សម្រាប់ផ្ទេរយន្ដហោះចម្បាំង ជាច្រើនគ្រឿង ជួយដល់អ៊ុយក្រែន។ បច្ចុប្បន្ននេះ យើងមានកងពលតូចយន្ដហោះចម្បាំង ប្រភេទ SU-27 (ស៊ូ-២៧) ចំនួន ២គ្រឿង និង MiG-29 (មីគ-២៩) ចំនួន៣គ្រឿង។ យន្ដហោះទាំងនេះ ជាប្រភេទ យន្ដហោះប្រយុទ្ធជំនាន់ទី៤ ត្រូវបានផលិតឡើង នៅក្នុងសម័យសហភាពសូវៀត។
ជាមួយគ្នានេះ ប្រទេសប៉ូឡូញ និង ស្លូវ៉ាគី ក៏មានគម្រោងផ្ទេរយន្ដហោះចម្បាំង ប្រភេទ MiG-29 ចំនួន៣៣គ្រឿង មកឲ្យអ៊ុយក្រែន។ នៅក្នុងគម្រោងនេះ អ៊ុយក្រែន អាចនឹងទទួលបានយន្ដហោះចម្បាំងផលិតនៅក្នុងសម័យសហភាពសូវៀត ចំនួន២០គ្រឿង មកពីប៉ូឡូញ និង ១៣គ្រឿងផ្សេងទៀត មកពីស្លូវ៉ាគី។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវកញ្ចប់ជំនួយយោធាថ្មី សម្រាប់ប្រទេសអ៊ុយក្រែ។ កញ្ចប់ជំនួយថ្មីទាំងនេះ រាប់បញ្ចូលទាំងយានយន្ដយោធាដឹកជញ្ជូនធុនធ្ងន់ សម្ភារសឹក និង គ្រាប់រំសេវ ហើយនឹងត្រូវផ្ទេរជាបន្ទាន់ ចេញពីផ្នែកមួយនេះ នៃទំហំទឹកប្រាក់ ៥០០លានដុល្លារ ដែលប្រធានាធិបតីមានសិទ្ធិអំណាចផ្ទេរជាបន្ទាន់ ចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក។
ជំនួយទាំងនោះ ក៏រាប់បញ្ចូលទាំងគ្រាប់រំសេវ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS , ប្រព័ន្ធបាញ់ស្ទាក់ការពារដែនអាកាស, គ្រាប់កាំភ្លើងធំ, ប្រព័ន្ធប្រឆាំងនឹងរថពាសដែក, គ្រាប់កាំភ្លើងតូច, យានយន្ដសម្រាប់ដឹកជញ្ជូនធុនធ្ងន់ ក៏ដោយជាសម្ភារបច្ចេកទេសជាច្រើនទៀត…។ បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានប្រកាស អំពីកញ្ចប់ជំនួយការពារជាតិដ៏សំខាន់បន្ថែមទៀត មានទំហំទឹកប្រាក់ ២,១ពាន់លានដុល្លារ ក្រោមគំនិតផ្ដួចផ្ដើមជំនួយសន្ដិសុខអ៊ុយក្រែន (USAI) ដោយមានទាំងគ្រាប់កាំភ្លើងតូចប្រហែល២៣លានគ្រាប់ និង គ្រាប់កាំភ្លើងធុនធំផ្សេងៗទៀត សម្រាប់បំពេញតម្រូវការចាំបាច់ សម្រាប់ក្រុងកៀវ៕










