ថ្មីៗនេះមានការលើកឡើងនិងបង្ហាញក្តីសោកស្តាយដែលភាពយន្តឯកសារ «ទេពហត្ថា» ពុំសូវទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ ដោយសារមើលឃើញពីសកម្មភាពពុំសូវមានអ្នកជួយគាំទ្រ តារាចម្រៀង ជី ដេវីត និងសិល្បករច្រើនរូបទៀតបានចូលរួមបំផុសគំនិតឱ្យមហាជនចូលរួមគាំទ្រស្នាដៃភាពយន្តខ្មែរមួយនេះដែលមិនគួរមើលរំលង។

«ទេពហត្ថា» (The Perfect Motion) គឺជាភាពយន្តបង្ហាញពីប្រវត្តិ និងការចងចាំពីរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ដែលដឹកនាំដោយលោក ហ្សាវីយ៉េ ដឺ ឡូហ្សាន( Xavier de Lauzanne)។ ភាពយន្តនេះ ផ្ដោត លើសាច់រឿងសំខាន់ចំនួន ២ ជាការបង្កើតក្បាច់របាំ «នាងវឌ្ឍនាទេវី» ដោយព្រះរៀមនរោត្ដម បុប្ផាទេវី ជាស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់ និងប្រវត្ដិរបាំព្រះរាជទ្រព្យតាំងពីឆ្នាំ ១៩០៦។ ភាពយន្តនេះទៀតសោតបានឧទ្ទិសចំពោះសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់បានចូលរួម លើកស្ទួយរបាំព្រះរាជទ្រព្យខ្មែរឱ្យល្បីរន្ទឺចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ផងដែរ។

ដ្បិតថារឿងនេះឆ្លុះបញ្ចាំងពីប្រវត្តិនៃរបាំព្រះរាជទ្រព្យក្តី ប៉ុន្តែចាប់តាំងពីរឿងនេះបានចាក់បញ្ចាំងតាមរោងកុនកាលពីថ្ងៃទី១ ខែមេសា មកពុំសូវមានអ្នកទៅចូលរួមគាំទ្រឡើយ ដោយអ្នកលេងបណ្តាញសង្គមខ្លះបានបង្ហោះនាពេលកន្លងមកថា មួយ Hall កៅអីទំនេរសឹងទេអស់ទៅហើយ ឯណាទៅអ្នកស្រលាញ់វប្បធម៌ខ្មែរ មានតែអ្នកស្រែកគាំទ្រនៅលើបណ្តាញសង្គម តែដល់ពេលជាក់ស្តែងមានភាពយន្តឯកសារលើកស្ទួយពីវប្បធម៌ខ្មែរ មិនមានអ្នកចូលរួមគាំទ្រច្រើននោះទេ។

សកម្មភាពពុំសូវមានអ្នកចូលរួមគាំទ្រភាពយន្តឯកសារ «ទេពហត្ថា» កំពូលតារាចម្រៀង ជី ដេវីត បានចូលរួមបំផុសគំនិតឱ្យមហាជនចូលរួមគាំទ្រស្នាដៃនេះឱ្យបានច្រើន។ តារាចម្រៀងរូបនេះបានចែករំលែកកាលពីយប់ថ្ងៃទី៥ ខែមេសា ដោយភ្ជាប់ជាមួយចំណងជើងថា «ភាពយន្តបែបឯកសារដែលបងប្អូនខ្មែរមិនគួររំលង , តោះកុំភ្លេចទៅចូលរួមគាំទ្រទាំងអស់គ្នា» ។

មិនត្រឹមតែតារាចម្រៀង ជី ដេវីតប៉ុណ្ណោះទេ ដែលចូលរួមបំផុតគំនិតឱ្យមហាជនជួយគាំទ្រភាពយន្តឯកសារខាងលើនេះ ក្នុងនោះក៏មានស្ថាបនិក រៀនថត , តារាសម្តែង រចនា រ៉ាវ៉ាឌី បានលេងហ្គេមចែកសំបុត្រកុនដោយឥតគិតថ្លៃ , តារាសម្តែង នី មុន្នីនាថ , លោកស្រី ប៊ុន ចាន់និមល និងអ្នកនិពន្ធ សយ ស៊ីណា ជាដើម។ ក្នុងនោះក៏មានការលើកឡើងដែរថា ភាពយន្ត «ទេពហត្ថា» មិនមែនជាប្រភេទរឿងដែលយើងដាក់ពិន្ទុថាល្អមើលឬមិនល្អនោះទេ តែវាជារឿងប្រវត្តិសាស្រ្តនៃអត្តសញ្ញាណជាតិ អត្តសញ្ញាណវប្បធម៌ ដែលយើងគួរមើល គួរស្រាវជ្រាវដើម្បីឱ្យកាន់តែច្បាស់ថា យើងមានឫសគល់ព្រលឹងវប្បធម៌ខ្លាំងក្លាប៉ុណ្ណា និងជារឿងដែលបង្ហាញយ៉ាងច្បាស់នូវឃ្លាថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕