អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ពលរដ្ឋនៅលើពិភពលោកប្រមាណ១៧,៥% កំពុងតែប្រឈមនឹងបញ្ហាពិបាកមានកូន ។ អង្គការនេះបានណែនាំឱ្យរដ្ឋាភិបាលប្រទេសនីមួយៗចេញគោលនយោបាយគាំទ្រឱ្យពលរដ្ឋរបស់ខ្លួនមានកូន និងធ្វើយ៉ាងណា ឱ្យពលរដ្ឋងាយស្រួលស្វែងរកសេវាសុខភាព ។
បើតាមអង្គការសុខភាពពិភពលោកឱ្យដឹងថា ការពិបាកមានកូន មានន័យថា បុគ្គលម្នាក់មិនទទួលបានជោគជ័យ ឬមិនអាចមានផ្ទៃពោះក្រោយពីពួកគេរួមភេទដោយមិនបានការពារក្នុងរយៈពេល១២ខែ ។
អង្គការសុខភាពពិភពលោកចង្អុលបង្ហាញថា បើទោះជាមានភាពខុសគ្នាបន្តិចបន្តួចនៃចំនួនមនុស្សមានកូននៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ កណ្តាល និងទាប ប៉ុន្តែការបែងចែកប្រាក់ជំនួយផ្នែកវេជ្ជសាស្ត្រមានការខុសគ្នាយ៉ាងខ្លាំង ។ វាជារឿងផ្ទាល់ខ្លួននៅក្នុងប្រទេសភាគច្រើន ហើយប្រទេសក្រីក្របំផុតបែរជាបានចំណាយប្រាក់ច្រើនជាងគេផ្នែកសុខាភិបាលដើម្បីព្យាបាលស្ត្រីពិបាកមានកូន បើធៀបជាមួយប្រទេសអភិវឌ្ឍន៍ ។ លើសពីនេះ ការខ្វះខាតប្រាក់ជំនួយបានធ្វើឱ្យស្រ្តីពិបាកមានកូនប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ ។
ប្រធានផ្នែកសុខភាពផ្លូវភេទ និងអនាម័យ បានថ្លែងថា ៖ «បញ្ហាស្រ្តីពិបាកមានកូននៅលើពិភពលោកបានឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេពិបាកទៅព្យាបាលសុខភាពនៅមន្ទីរពេទ្យ ហើយជាញឹកញាប់ ប្រទេសមួយចំនួនខ្វះខាតសេវាសុខភាពសាធារណៈ» ។
ទោះយ៉ាងណា របាយការណ៍របស់អង្គការសុខភាពពិភពលោក មិនបានបញ្ជាក់ច្បាស់លាស់អំពីបញ្ហាដែលស្ត្រីពិបាកមានកូនទេ ។ គេសង្កេតឃើញថា អត្រាកំណើតធ្លាក់ចុះបានធ្វើឱ្យប៉ះពាល់ដល់ចំនួនពលរដ្ឋនៅលើពិភពលោក ដោយសារស្ត្រីរស់នៅតំបន់ឆ្ងាយៗខ្វះខាតព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ ៕

ប្រភព ៖ TNN Health










