ឆេងម៉េងគឺជាជំនឿរបស់ជនជាតិចិនឬអ្នកដែលជាប់ខ្សែស្រឡាយចិន ភាគច្រើនគេសែនឆេងម៉េងចុងខែមីនា និងដើមខែមេសា។ ឆេងម៉េងគឺសំដៅទៅលើពិធីសែនផ្នូរ ពិធីជម្រះចិត្តអោយជ្រះថ្លា ឬការសំអាតផ្នូរជូនដូនតា ដែលជាជនជាតិចិនឬអ្នកជាប់ខ្សែស្រឡាយចិន ដែលនិយមហៅថាការសែនផ្នូររបស់អ្នកមានគុណ ដែលបានចែកឋានទៅ។

គោលបំណងនៃឆេងម៉េងនេះគឺការសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងឡើងបុណ្យស័ក្តិជាដើម។ ប៉ុន្តែឆេងម៉េងមិនអាចសែនផ្ដេសផ្តាសនោះទេ ដូចច្នេះហើយយើងគួរយល់ដឹងខ្លះៗអំពី វិធីសែនឆេងម៉េងដើម្បីយកហេងនៅក្នុងថ្ងៃខាងមុខនេះ។ យោងតាមអ្នកគ្រូណាលីដែលជាគ្រូហុងស៊ុយវិទ្យសាស្ត្រដ៏ល្បីនៅប្រទេសកម្ពុជា បានបញ្ជាក់ថា៖
-ចំពោះអ្នកដែលកើតឆ្នាំរការ៖ ការសែនត្រូវតែរើសបន្តិច ព្រោះឆ្នាំនេះអ្នកអាចនឹងមានបញ្ហាជាច្រើនកើតឡើង ដូច្នេះហើយអ្នកមិនគួរសែននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នោះទេ ព្រោះថ្ងៃនេះមិនល្អសម្រាប់អ្នកទេ បើអ្នកសែនចំថ្ងៃទី៣នេះ អាចធ្វើអោយអ្នកសយពេញ១ឆ្នាំបាន។ ថ្ងៃល្អសម្រាប់អ្នកគឺថ្ងៃទី៤ ចំពោះអ្នកកើតឆ្នាំរការ ខែរការ ថ្ងៃរការ ក្នុងឆ្នាំនេះរការឆុងនឹងថោះ អ្នកមិនគួរសែនមាន់នោះទេ ។

-ចំពោះអ្នកដែលមានធាតុទឹកនិងដី៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ គឺជាថ្ងៃដែលល្អខ្លាំងណាស់សម្រាប់អ្នក ហើយសម្រាប់មនុស្សទូទៅក៏អាចសែននៅថ្ងៃទី៤បានដែរ ព្រោះថ្ងៃនេះគឺល្អសម្រាប់មនុស្សគ្រប់គ្នាតែម្ដង មិនរើសពេលវេលានោះទេ អ្នកចង់សែននៅពេលណាក៏បាន។

-ចំពោះមនុស្សដែលមានធាតុមាស៖ ថ្ងៃទី២ ខែមេសា គឺជាថ្ងៃល្អខ្លាំងណាស់សម្រាប់អ្នក ដូច្នេះអ្នកអាចរើសយកថ្ងៃនេះបាន។
-ចំពោះមនុស្សដែលមានធាតុភ្លើង៖ ថ្ងៃទី២៩ ខែមីនា គឺជាថ្ងៃល្អខ្លាំងណាស់សម្រាប់អ្នកផងដែរ។










