ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែមីនា កន្លងមក BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេរបស់ចិន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ជាទីតាំងដំបូងគេនៅប្រទេសថៃ ។ គេចាត់ទុកថា វាជាការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនផលិតរថយន្តចិន ។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា រោងចក្រថ្មីផលិតរថយន្ត BYD ស្ថិតនៅតំបន់អភិវឌ្ឍន៍ពិសេសខាងកើតខេត្តរ៉ាក់យ៉ង ហើយរោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការផលិត និងផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅប្រទេសថៃ និងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជាតំបន់ផ្សេងទៀតផងដែរ ។

ក្រុមហ៊ុន BYD បានដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សាររថយន្តអគ្គិសនីលើពិភពលោក បង្ហាញថា ការលក់សរុបនៃរថយន្តអគ្គិសនីក្នុងឆ្នាំ២០២២ កន្លងមក ស្មើជាង១,៨៦លានគ្រឿង និងកើនឡើងដល់២០៨.៦% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ BYD បានក្លាយជាម៉ាករថយន្តចិនមួយប្រភេទបន្ទាប់ពីរថយន្ត MG របស់ក្រុមហ៊ុន SAIC Motor និង Great Wall Motor ដែលបានមកផលិតរថយន្តចេញពីប្រទេសថៃ និងជាម៉ាករថយន្តជប៉ុនបានគ្រប់គ្រងទីផ្សារថៃជាយូរមកហើយ ។

នាយកគ្រប់គ្រងទូទៅផ្នែកចែកចាយរថយន្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD បញ្ជាក់ថា ក្រុមហ៊ុនបានយករថយន្តពេញនិយមម៉ូដ ATT03 មកចែកចាយនៅថៃកាលពីឆ្នាំ២០២២ ដូច្នេះ ធ្វើឱ្យក្រុមហ៊ុនបានលក់ចេញរថយន្តចំនួន១ម៉ឺនគ្រឿងក្នុងរយៈពេលត្រឹមតែ៤២ថ្ងៃប៉ុណ្ណោះ ។ ការវិនិយោគរបស់ BYD នៅថៃ គឺស្របគ្នានឹងគោលដៅរបស់រដ្ឋាភិបាលថៃ ដែលត្រូវការឱ្យរថយន្ត៣០% ក្នុងចំណោមរថយន្តទាំងអស់ គឺជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ។

ការវិនិយោគរបស់ក្រុមហ៊ុន BYD លើកនេះ គឺមិនត្រឹមតែបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់វិស័យឧស្សាហកម្មយានយន្តថាមពលថ្មីនៅចិន និងថៃផងដែរ ។ តាមទិន្នន័យពីវិទ្យាស្ថានយានយន្ត (TAI) និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបង្ហាញថា ការចែកចាយរថយន្តអគ្គិសនីនៅថៃកាលពីឆ្នាំ២០២២ ស្មើនឹងចំនួន១៣.៤៥៤គ្រឿង កើនឡើង៥៨៨.៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា ការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន ប្រទេសលោកខាងលិច និងជប៉ុន បានចូលរួមជាមួយវិធានការរបស់រដ្ឋាភិបាលថៃ និងជាដំណឹងល្អសម្រាប់អតិថិជនទិញរថយន្តមានជម្រើសច្រើន ក៏ដូចជាជំរុញដល់ឧស្សាហកម្មរថយន្តថៃ ដែលកំពុងផ្លាស់ប្តូរឱ្យទាន់និន្នាការនាថ្ងៃអនាគតផងដែរ ៕ ប្រភព ៖ 3PlusNews