ភ្នំពេញ៖ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងាក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារធ្វើដោយសារមេរបស់ខ្លួន បើពួកគេចង់ចូលក្របខណ្ឌ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបុគ្គលិក VOD ធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច៕