បាត់ដំបង៖ យុវជនម្នាក់ បានធ្វើអត្តឃាត ដោយធ្វើការបំផ្ទុះគ្រាប់បែកលើអូបប័រ សម្លាប់ខ្លួនឯង។

ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទីរសៀល នៅត្រង់ចំណុចក្នុងបរិវេណវិមានរំលឹកគុណវីរយុទ្ធជនពលី ស្ថិតក្នុងក្រុមទី៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ករណីបំផ្ទុះគ្រាប់បែកមួយកើតឡើង បណ្ដាលឲ្យខូចខាតតួអូបប័រចំនួន ១គ្រឿង និងមនុស្សស្លាប់ម្នាក់ ។

លុះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានដឹកកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុទើបប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកស្រះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបញ្ជាក់របស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមកស្នាក់នៅ (មកលេង) ផ្ទះរបស់ឈ្មោះ ឌុល បានភេទប្រុស អាយុ៥១ឆ្នាំ ដែលនៅសម្អាតក្នុងបរិវេណវិមានរំលឹកគុណវិរៈយុទ្ធជនពលី ។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯង បន្ទាប់មកបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕