ប្រទេសតួកគី ៖ មេដឹកនាំប្រទេសតួកគីបានប្រកាសអាសន្នរយៈពេល៣ខែក្នុងតំបន់រញ្ជួយដីភាគខាងត្បូង ដែលទទួលរងការខូចខាតយ៉ាងខ្លាំង ខណៈចំនួនអ្នកស្លាប់ និងរងរបួសបានកើនឡើងជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសថា រដ្ឋាភិបាលបានសម្រេចចិត្តប្រកាសស្ថានការណ៍អាសន្នក្នុងតំបន់រងគ្រោះដោយសារការរញ្ជួយដីរយៈពេល៣ខែក្នុងខេត្តចំនួន១០ នៅភាគខាងត្បូង ហើយកំណត់ថា តំបន់ទាំងនេះជាកន្លែងគ្រោះថ្នាក់ ដើម្បីឱ្យភ្នាក់ងារសង្គ្រោះអាចធ្វើការស្វែងរកអ្នកស្លាប់យ៉ាងឆាប់រហ័ស ។

នៅក្រោមសេចក្តីប្រកាសអាសន្ននេះ អនុញ្ញាតឱ្យប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីអាចបង្ខំអនុវត្តច្បាប់ថ្មី និងមិនផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងករណីចាំបាច់ ដោយមិនរង់ចាំការអនុម័តពីរដ្ឋសភា ។ ការប្រកាសអាសន្ននឹងបញ្ចប់មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងរដ្ឋសភា នៅថ្ងៃទី១៤ ខែឧសភា ហើយគេអាចប្រកាសអាសន្នបន្តបន្ទាប់ទៀត ។

ក្រៅពីនេះ តួកគីប្រកាសដែរថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់រញ្ជួយដីនេះបានកើនឡើងដល់៣.៥៤៩នាក់ និងមានអ្នករងរបួសចំនួន២២.១៦៨នាក់ ។ ពេលនេះ មាន៧០ប្រទេស និងអង្គការអន្តរជាតិ១៤ បានផ្តល់ជំនួយដល់ភ្នាក់ងារជួយសង្គ្រោះ ។ ជាមួយគ្នានេះ តួកគីបានត្រៀមបើកសណ្ឋាគារនៅទីក្រុងអង់តាលីយ៉ា ដែលជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទទួលភ្ញៀវទេសចរនោះ ធ្វើជាកន្លែងទទួលជនរងគ្រោះដែលគ្មានកន្លែងស្នាក់នៅជាបណ្តោះអាសន្ន ។

ចំណែកប្រទេសស៊ីរីវិញរាយការណ៍ថា មានអ្នកស្លាប់ចំនួន១.៧១២នាក់ក្នុងតំបន់របស់រដ្ឋាភិបាល និងគណបក្សប្រឆាំង ដូច្នេះ ធ្វើឱ្យចំនួនអ្នកស្លាប់ទាំងពីរប្រទេសកើនឡើងដល់៥.២០០នាក់ និងរងរបួសជិត២៦.០០០នាក់ ៕ ប្រភព ៖ NationWorldNews