រដ្ឋធានីប៉ារីស៖ ជាមួយនឹងសកម្មភាព ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួននោះ បារាំង ជាប្រទេសមហាអំណាចកំពូលមួយ នៅតំបន់អឺរ៉ុប បានចាប់ដៃគ្នា ជាមួយនឹងអូស្ដ្រាលី ផលិតគ្រាប់កាំភ្លើងផ្លោង សម្រាប់ជួយដល់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ថា បារាំង និង អូស្រ្ដាលី កាលពីថ្ងៃចន្ទ បានបង្ហាញ អំពីផែនការរួមគ្នា ផលិតគ្រាប់រំសេវ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ខណៈប្រទេសទាំង២ ស្វែងរកការពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និង ឆ្លងកាត់ជម្លោះ ជុំវិញការសម្រេចចិត្តរបស់ក្រុងកង់បេរ៉ា នៅក្នុងការលុបចោលផែនការទិញនាវាមុជទឹករបស់បារាំង កាលពី២ឆ្នាំមុន។

ទំនាក់ទំនង រវាងបារាំង និង អូស្រ្ដាលី បានធ្លាក់ចុះ ដល់កម្រិតទាបជាប្រវត្តិសាស្ត្រ នៅក្នុងរដូវស្លឹកឈើជ្រុះ នាឆ្នាំ២០២១ ក្រោយពេលក្រុងប៉ារីស បានចោទប្រកាន់សម្ពន្ធមិត្តរបស់ខ្លួន ថា បានលួចចាក់ខ្លួន ពីក្រោយខ្នង ខណៈអូស្ត្រាលី បានជ្រើសរើស យកនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវសាងសង់ឡើង តាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និង អង់គ្លេស មកជំនួសវិញ ហើយបានសម្រេចចិត្ត លុបចោលកិច្ចសន្យាជាមួយបារាំង លើការទិញនាវាមុជទឹក ដើរដោយថាមពលធម្មតា។France, Australia to supply Ukraine with artillery shells | AP News

លោក សេបាស្ទៀន ឡេក័រនូ (Sebastien Lecornu) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបញ្ជាក់ ថា បារាំង និង អូស្ដ្រាលី បានព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្ដិការ ផលិតគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។ គាត់សង្ឃឹម ថា គ្រាប់កាំភ្លើងទាំងនេះ អាចចាប់ផ្ដើម ត្រូវបញ្ជូនទៅ នៅត្រឹមាសដំបូង នៃឆ្នាំ២០២៣។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិបារាំង បានថ្លែង ក្រោយជំនួបជាមួយនឹងសមភាគីអូស្រ្ដាលី លោក រីឆាដ ម៉ាឡែស (Richard Marles) ថា នេះជាកិច្ចចរចាកម្រិតកំពូលរួមគ្នា ជាលើកដំបូង ចាប់តាំងពីជម្លោះនាវាមុជទឹក បានផ្ទុះឡើង។ អូស្រ្ដាលី នឹងផ្គត់ផ្គង់គ្រឿងម្សៅ ខណៈក្រុមហ៊ុន Nexter (ណែកស្ទ័រ) របស់បារាំង នឹងផលិតគ្រាប់រំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC8cDsCi1X_AW4UHPlC4iF5khLp1Op2raMJ8qUO3HvFBWqk9GndjGT28HsMVWyHYSdBr316aqZCKHYxK6izOcpLu0sNX-cK4AjI8aPYotlqoPdm1j_QemjUZptuIFUbDYsw3tu2cqFlKiOMmSulYZFO2Vz9bklPkNE7ia_ay_thVioDwhFaEY1KE7/s1023/photo_2023-01-31_11-36-15.jpg

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅឯក្រសួងការបរទេសបារាំង ថា «សកម្មភាពនេះ ពិតជាមានការបំពេញបន្ថែម រវាងឧស្សាហកម្មការពារជាតិជាមូលដ្ឋានរបស់យើង ដោយបានអនុញ្ញាតឱ្យរឿងនេះ កើតឡើង។ យើងចង់ធ្វើសកម្មភាពរួមគ្នា ជាសេចក្តីថ្លែងការណ៍មួយ អំពីសារៈសំខាន់ ដែលអូស្ត្រាលី និង បារាំង ចាត់ទុកកិច្ចគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងជម្លោះ នាពេលបច្ចុប្បន្ននេះ»។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្ដី Marles បានបញ្ជាក់ ថា អូស្ត្រាលី មិនមានគម្រោង បង្កើតសមត្ថភាពនាវាមុជទឹក ដើរដោយថាមពលធម្មតា ជាបណ្ដោះអាសន្នណាមួយ នៅមុនពេលនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវផ្ដល់ទៅឲ្យអូស្រ្ដាលី បើទោះជាបារាំង សង្ឃឹម ថា កិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងមាននៅលើតុយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj9RTzKczN2rho_CvzLJLE4uPCmryyF6w50IDMG1ZF7js0U0DSTz0a-tImKSdcPe3Vb0Ca270D5NaX9O4GkluG6retBJxEXbL3gEscgy5ThLILO13qlL7SQneZ9a8KQpV8Uiw65w7zXV2Fh9-yqt9sJ4zN2hIsF-8nRdK67g1gSJEzGKMU1LelTQX3/s834/photo_2023-01-31_11-36-14.jpg

ការបង្ហាញ អំពីផែនការរួមគ្នារបស់ប្រទេសបារាំង និង អូស្ដ្រាលី អំពីការផលិតគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ សម្រាប់ជួយដល់កងទ័ពអ៊ុយក្រែន បានកើតឡើង ស្របគ្នាជាមួយនឹងសហរដ្ឋអាមេរិក បានសម្រេចផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ តាមស្ដង់ដាររបស់អង្គការណាតូ ប្រភេទ M1 Abrams ចំនួន៣១គ្រឿង ខណៈអាល្លឺម៉ង់ បានសម្រេចផ្ដល់រថក្រោះ ប្រភេទ Leopard 2 ចំនួន១៤គ្រឿង ជួយដល់ក្រុងកៀវ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងវ៉ាស៊ីនតោន និង ក្រុងប៊ែរឡាំង បានបដិសេធនូវការបញ្ជូនយន្ដហោះចម្បាំងរបស់លោកខាងលិច ទៅជួយដល់ប្រទេស ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ៕