កន្លងមកអ្នកគាំទ្រជាច្រើនបានជជែកវែកញែកទាក់ទងនឹងតារាចម្រៀង Lisa សមាជិក Blackpink ដែលបទចម្រៀងថ្មីរបស់នាងហាក់ដូចជាមានភាពស្រដៀងគ្នាមួយវគ្គទៅនឹងបទចម្រៀង «យុទ្ធសង្គ្រាម» របស់តារាចម្រៀង ទេព បូព្រឹក្ស ។ ជុំវិញភាពចម្រូងចម្រាសនេះ ទេព បូព្រឹក្ស ថាចម្លងឬមិនចម្លងទុកឱ្យអ្នកស្តាប់ជាអ្នកវិនិច័្ឆយដោយខ្លួនឯងប៉ុន្តែអ្វីដែលនាងសុំចិត្តគឺខ្លាចមតិសាច់ឯងចោទប្រកាន់ថានាងធ្វើក្រោយនិងចម្លងគេវិញ។
ថ្មីៗនេះ ទេព បូព្រឹក្ស បានចូលរួមកម្មវិធីផតខាស់លើកដំបូងក្នុងកម្មវិធីដែលសម្របសម្រួលដោយ Athika។ ជាមួយនឹងសំណួរជាច្រើនពីពិធីករនៅក្នុងនោះទាក់ទងនឹងមតិវែកញែកនៅលើបណ្តាញសង្គមអំពី Lisa ក៏បានលើកមកជជែកដូចគ្នា។ តារាចម្រៀង ទេព បូព្រឹក្ស បានទទួលស្គាល់ថាខ្លួនបានឃើញអំពីមតិយោបល់ក៏ដូចជាប្អូនៗរបស់នាងបានផ្ញើឱ្យឃើញពីអ្វីដែលមានការលើកឡើងនៅលើអ៊ីនធឺណិតទាក់ទងនឹងការចម្លងហើយមានមតិមួយចំនួនដោយមិនដឹងថាជាការ Fake Profile ឬយ៉ាងណាទេបានបង្ហាញពីភាពខ្មាសអៀនដោយមានការប្រៀបធៀបនាងនិងតារាចម្រៀង Lisa ដែលមានភាពល្បីល្បាញខ្លាំង។

តារាចម្រៀងរូបនេះបាននិយាយថារូបនាងក៏បានឃើញពីការលើកឡើងរបស់អ្នកលេងអ៊ីនធឺណិតដូចគ្នាតែជាក់ស្តែងនាងមិនដែលលើកខ្លួនឯងល្បីដល់ថ្នាក់គេចម្លងនោះទេ។ អ្វីដែលអ្នកលេងអ៊ីនធឺណិតលើកឡើងគឺបទថ្មីរបស់ Lisa គឺមានភាពស្រដៀងគ្នាមួយវគ្គទៅនឹងបទ «យុទ្ធសង្គ្រាម» ដែលនាងបានចេញកាលពីខែសីហា ឆ្នាំ២០២៥។ ទេព បូព្រឹក្ស ថាពេលខ្លះយើងធ្វើមុនហើយគេធ្វើក្រោយតែពេលខ្លះកុំយល់ថាគេអ្វី Copy យើង ពេលខ្លះអាចយល់បានថាគេមិនបានមកមើលយើងជាមនុស្សដែលមិនល្បីណាស់ណាដើម្បីឱ្យគេស្គាល់នោះទេ។ 
ទោះជាយ៉ាងណា ទេព បូព្រឹក្ស ថាអ្វីដែលកូនខ្មែរបានធ្វើមុនទៅហើយបន្ទាប់មកគេក៏ធ្វើមកស្រដៀងគ្នាហើយបទចម្រៀងក្រោយនាងក៏បានឃើញដូចគ្នាដូច្នេះនាងទុកឱ្យអ្នកស្តាប់ជាអ្នកវិនិច្ឆ័យដោយខ្លួនឯង។ តារាចម្រៀងរូបនេះថា អ្វីដែលយើងធ្វើមុនហើយគេយកទៅធ្វើក្រោយទៅជាយើងខ្លួនឯងចោទថាយើងជាអ្នក Copy ពីគេ។ ទេព បូព្រឹក្ស បានសង្កត់ធ្ងន់ដោយផ្តាំថាកុំឱ្យភាន់ច្រឡំអ្វីដែលធ្វើហើយ គេយកទៅធ្វើហើយចោទសាច់ឈាមខ្លួនឯងថា Copy ពីគេ៕










