ប្រទេសហូឡង់ ៖ Philips ជាក្រុមហ៊ុនធំផលិតឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាសុខភាពរបស់ប្រទេសហូឡង់ បានប្រកាសថា មានផែនការកាត់បន្ថយបុគ្គលិកចំនួន៦.០០០នាក់នៅទូទាំងពិភពលោក ឬស្មើ៥% នៃបុគ្គលិកទាំងអស់ ។ ការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីកាត់បន្ថយការចំណាយលើដើមទុន និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន ។
ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកចំនួនពាក់កណ្តាលនៅឆ្នាំ២០២៣នេះ ហើយពាក់កណ្តាលទៀតនឹងកាត់បន្ថយនៅឆ្នាំ២០២៥ ។ មានការរាយការណ៍ថា ក្នុងចំណោមបុគ្គលិក៦.០០០នាក់ដែលត្រូវបញ្ឈប់នោះ ក្នុងនោះមានបុគ្គលិក១.១០០នាក់ធ្វើការនៅប្រទេសហូឡង់ ។
ការប្រកាសនេះ ជាផ្នែកមួយនៃផែនការកាត់បន្ថយដើមទុន ដែលក្រុមហ៊ុន Philips បានប្រកាសកាលពីតុលា ឆ្នាំ២០២២ ខណៈក្រុមហ៊ុនត្រូវការកាត់បន្ថយបុគ្គលិក៥% បន្ទាប់ពីចំនួនការលក់ និងប្រាក់ចំណេញធ្លាក់ចុះ ។
លោក Roy Jacobs នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Philips ថ្លែងថា ៖ «ក្រុមហ៊ុនមិនបានប្រើប្រាស់ប្រយោជន៍ពីសក្តានុពលទីផ្សារដ៏រឹងមាំទេ ដោយសារត្រូវប្រឈមនឹងការងារសំខាន់ៗមួយចំនួន» ៕
ប្រភព ៖ pptvhd36










