ពោធិ៍សាត់៖ រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដើម្បីទៅដល់រមណីយដ្ឋាននេះយើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ មានចម្ងាយ៤៨គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ២៣៧គ.ម ពីរាជធានីភ្នំពេញ។

រមណីយដ្ឋានខាងលើនេះ លម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ ជាពិសេសតាមដងផ្លូវ(ក្រួសក្រហម) ចូលទៅកាន់ ធារទឹកស្ទឹង ដែលហូរត្រជាក់ស្រេង មានព្រៃឫស្សី ឃ្លៃ លាយឡំជាមួយដើមឈើធំៗ ហាក់ដូចជាគម្រប ឬដំបូល ធ្វើឲ្យទីតាំងនេះមានភាពត្រជាក់គួរជាទីមនោរម្យ។

ភាពទាក់ទាញ មានទឹកស្ទឹងថ្លាឆ្វេង ហូរប៉ប្រះផ្ទាំងថ្ម ខួបប្រាំងវស្សា (រដូវប្រាំង ទឹកតិចជាងវស្សា) ដែលធ្វើឲ្យភ្ញៀវទេសចរ អាចចូលលេងកម្សាន្ត (ងូតទឹកលេង) បានគ្រប់រដូវកាល។

មានរុក្ខជាតិម្លប់ត្រឈឹងត្រឈៃ ព្រមទាំងរំលេចទៅដោយ ផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹង គួរឲ្យចង់អង្គុយលេងកម្សាន្ត និងទទួលទាន អាហារ ប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធ និងមានផាសុកភាព។

នៅជុំវិញរមណីយដ្ឋាន មានចំការក្រូចពោធិ៍សាត់ និងមានដំណាំពោត ចេក អំពៅ ជាដើម។ ផែនទី៖ https://maps.app.goo.gl/KZo58K3HQWytroof7)៕