្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើខណ្ឌរដ្ឋបាលជលផលពង្រឹងការងារ អប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ។

លោកស្នើបែបនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខណៈឯកឧត្ដមនិង សហការី បន្តដំណើរមកខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលេីកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូក ចុះស្វែងយល់ ការងារអភិរក្សសត្វផ្សោត ទន្លេមេគង្គ នៅតាមចំណុចស្នាក់ការ ល្បាត សំខាន់ៗ នៅព្រែកកាំពី និងតំបន់ជុំវិញ។

នៅក្នុងពិធីសំណេះសំណាលលោក ឌិត ទីណា បានកោតសរសើរឆន្ទៈដ៏មោះមុត របស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រ ទាំងបច្ចេកទេស និងសម្ភារ:មួយចំនួន ដល់ការងារអភរិក្ស សត្វផ្សោត។

ទន្ទឹមនិងនោះ លោក “ស្នើឱ្យខណ្ឌរដ្ឋបាលជលផលឱ្យពង្រឹងការងារ អប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហេីយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទ ដែលរងផលប៉ះពាល់ ពីការនេសាទដែល មានហានិភ័យដល់សត្វផ្សោត ទៅប្រកបមុខរបរផ្សេងវិញ។ ទន្ទឹមនេះ ខ្ញុំបានស្នេីសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញ ក្នុងការកំណត់អត្តសញ្ញាណជនល្មេីស និងការអនុវត្តច្បាប់ដោយមុឺងម៉ាត់ លេីអ្នកមិនរាងចាល “។

ដេីម្បីជួយពង្រឹង និងបង្កេីនប្រសិទ្ធភាពការ ងារ ល្បាត ការបង្រ្កាបបទល្មេីសនេសាទ ជាពិសេស ការអភិរក្សសត្វផ្សោត លោក ឌិត ទីណា បានផ្តល់សម្ភារចាំបាច់មួយចំនួន ដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតមេីលពេល យប់ ម៉ាស៊ីនទូក ល្បឿនលឿន និងប្រេងឥន្ទន: ដល់មន្ត្រីជលផល និងឆ្មាំទន្លេ។ ក្រសួងនឹងពិនិត្យ លទ្ធភាពទិញដ្រូនពីបរទេស ដេីម្បីបង្ហោះតាម ឃ្លាំមេីលសកម្មភាពល្មេីស និងបង្កេីនប្រសិទ្ធភាព ល្បាតរបស់ឆ្មាំទន្លេផងដែរ ទន្ទឹមនេះ រដ្ឋបាលខេត្តនឹងជួយតម្លេីងប្រព័ន្ធវិទ្យុទាក់ទងដេីម្បីក្រុមឆ្មាំទន្លេងាយប្រាស្រ័យទាក់ទងគ្នា ៕