រដ្ឋធានីកៀវ៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែរៀបចំ បញ្ជូនរថក្រោះចម្បាំងធុនធ្ងន់ដ៏ទំនើបរបស់ពួកគេ ទៅជួយដល់កងទ័ពការពារទឹកដី ចំពេលការបាត់បង់ទីក្រុងសូឡេដា (Soledar) ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី នោះ រដ្ឋាភិបាលក្រុងកៀវ កំពុងតែស្នើសុំ ទៅកាន់បណ្ដាប្រទេសមហាអំណាចបស្ចិមលោក (ឬបច្ឆិមលោក) និង សម្ពន្ធមិត្ត អំពីការផ្គត់ផ្គង់យន្ដហោះប្រដេញ ឬ យន្ដហោះប្រយុទ្ធ ប្រភេទ F-16 ផលិតដោយសហរដ្ឋអាមេរិក បន្ដទៀត ដើម្បីវាយរំដោះទឹកដីរបស់ខ្លួន ដែលបានបាត់បង់ ដណ្ដើមត្រឡប់មកវិញ។Soledar is gone': Ukraine admits Russia controls Donetsk town - CNA

សារព័ត៌មាន The Hill មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានសម្រេចបញ្ជូនរថក្រោះប្រយុទ្ធដ៏មានអានុភាពខ្លាំងក្លារបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់បស្ចិមលោកទាំង២នេះ នឹងបើកភ្លើងខៀវ ជំរុញដល់បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ ឬ អូតង់» បញ្ជូនរថក្រោះរបស់ពួកគេ ទៅជួយដល់ប្រទេស ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើតមួយនេះបន្ថែមទៀត។ ប៉ុន្ដែឥឡូវ ក្រុងកៀវ កំពុងតែផ្ដោតយ៉ាងសំខាន់ ទៅលើយន្ដហោះចម្បាំងដ៏ទំនើបរបស់សម្ពន្ធមិត្តលោកខាងលិច។

លោក យូរីយ សាក់ (Yuriy Sak) ទីប្រឹក្សា ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់សារព័ត៌មាន The Hill (ឌឺ ហ៊ីល) ថា គាត់មានសុទិដ្ឋិនិយម ចំពោះការទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិច ដូចជា យន្ដហោះចម្បាំង F-16 ផលិតនៅសហរដ្ឋអាមេរិក។ យន្ដហោះប្រភេទនេះ គឺអ៊ុយក្រែន បានព្យាយាមស្វែងរក តាំងពីដើមឆ្នាំ២០២២ ខណៈទាហានរុស្ស៊ី បានចូលឈ្លានពាន ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។Ukraine defense official: 'It's too early to relax' | CNN

លោកទីប្រឹក្សា រូបនេះ បានសង្កត់ធ្ងន់ ថា «គ្រឿងយុទ្ធភណ្ឌទាំងអស់ យើងបានស្នើសុំ យើងពិតជាមានតម្រូវការខ្លាំងណាស់ សម្រាប់ការរំដោះទឹកដីរបស់យើង។ ឥឡូវនេះ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន សម្រាប់ការធានា ថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំងជំនាន់ទី៤របស់សហរដ្ឋអាមេរិក ឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន»។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍នូវព័ត៌មាននេះ តាំងពីដំបូង ថា អ៊ុយក្រែន កំពុងតែផ្ដោតគោលដៅចម្បងរបស់ខ្លួន ទៅលើយន្តហោះចម្បាំង។ ជាមួយគ្នានេះ អ៊ុយក្រែន កាលពីថ្ងៃពុធ បានគូសបញ្ជាក់ អំពីជ័យជម្នះដ៏ធំមួយ ជាមួយនឹងការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់រថក្រោះចម្បាំងធុនធ្ងន់ដ៏ទំនើប ប្រភេទ M1 Abrams (អឹម១ អាប្រាមស៍) ផលិតដោយសហរដ្ឋអាមេរិក ចំនួន៣១គ្រឿង ជួយដល់រដ្ឋាភិបាលក្រុងកៀវ។F-16 Fighting Falcon | Military.com

ទន្ទឹមគ្នានេះដែរ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃពុធ ក៏បានបញ្ជាក់ ថា ក្រុងប៊ែរឡាំង នឹងផ្គត់ផ្គង់រថក្រោះ ប្រយុទ្ធធុនធ្ងន់ Leopard 2 ផលិតដោយអាល្លឺម៉ង់ ជាច្រើនគ្រឿង ទៅជួយដល់កងទ័ពអ៊ុយក្រែន។ ក្រៅពីនេះ លោកអធិការបតី ក៏នឹងអនុញ្ញាតដល់បណ្ដាប្រទេសផ្សេងៗ ជាសម្ពន្ធមិត្ត អាចផ្ទេររថក្រោះរបស់ពួកគេ ប្រភេទ Leopard ទៅជួយដល់ក្រុងកៀវ បន្ថែមទៀតផងដែរ។

បណ្ដាប្រទេសសម្ពន្ធមិត្តយោធារបស់អង្គការណាតូ និង ដៃគូ បានប្រឈមមុខចុងក្រោយបង្អស់ លើការផ្ទេររថក្រោះរបស់ពួកគេ ផលិតដោយអាល្លឺម៉ង់ សម្រាប់ការបញ្ជូនទៅជួយដល់អ៊ុយក្រែន ព្រោះក្រុងប៊ែរឡាំង ជាអ្នកកាន់កាប់អាជ្ញាប័ណ្ណនាំចេញរថក្រោះ Leopard ។ ប៉ុន្ដែដោយសារមានការរិះគន់ និង សម្ពាធកាន់តែខ្លាំងឡើង មកលើប្រទេសអាល្លឺម៉ង់ ទើបចុងក្រោយលោកអធិការបតី បានអនុម័ត ដោយការប្រុងប្រយ័ត្នបំផុត នៅក្នុងការបញ្ជូនគ្រឿងចម្បាំងដ៏ទំនើបរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ ដោយរាប់ទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាម៉ាស (HIMARS) រហូតដល់រថក្រោះប្រយុទ្ធរបស់លោកខាងលិច។Why Ukraine wants Leopard 2 tanks : NPR

កងយន្ដហោះចម្បាំងដ៏ទំនើប និង ប្រព័ន្ធកាំភ្លើងធំបាញ់ រយៈចម្ងាយឆ្ងាយ នឹងអនុញ្ញាតឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចវាយប្រហារ ទៅកម្លាំងទាហានរុស្ស៊ី ចូលជ្រៅទៅក្នុងតំបន់ដែលបានកាន់កាប់។ បញ្ហានេះ ទំនងជានឹងលើកយកមកពិភាក្សាគ្នា នាពេលក្រោយ សម្រាប់អង្គការណាតូ។

បច្ចុប្បន្ន អ៊ុយក្រែន កំពុងតែប្រើប្រាស់យន្តហោះចម្បាំង បន្សល់ទុកតាំងពីអតីតសហភាពសូវៀត រួមទាំង យន្តហោះចម្បាំង MiG-29 (មីគ-២៩)។ បញ្ហានេះ បានក្លាយជារឿងដ៏ចម្រូងចម្រាស កាលពីខែមីនា ឆ្នាំ២០២២ ក្រោយពេលសហរដ្ឋអាមេរិក បានបដិសេធនូវការជួយសម្រួល ដល់ការផ្ទេរយន្ដហោះ MiG ជាច្រើនគ្រឿង ពីប្រទេសប៉ូឡូញ បញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែទប់ទល់នឹងការបញ្ជូនយន្ដហោះប្រដេញ F-16 ជាច្រើន ហើយក៏មិនបានបង្ហាញ អំពីការត្រៀមខ្លួន សម្រាប់ការប្រកាស អំពីការផ្ទេរយន្ដហោះដ៏ទំនើបរបស់ខ្លួន បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលណាមួយនោះដែរ។Poland Moves All Its MiG-29 Fulcrums to Malbork Air Base - The Aviationist

ដោយឡែក លោក ចន ឃើរប៊ី (John Kirby) ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃពុធ ថា «សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា ឥតឈប់ឈរជាមួយនឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន ហើយយើងនឹងប្រែប្រួលតាមស្ថានការណ៍ផ្លាស់ប្ដូរ។ បញ្ហានេះ យើងក៏មិនអាចស្ដីបន្ទោស ដល់អ៊ុយក្រែន អំពីការស្នើសុំប្រព័ន្ធការពារផ្សេងៗនោះដែរ ហើយក៏មិនមែនជាលើកដំបូង ដែលពួកគេនិយាយ អំពីយន្ដហោះចម្បាំងរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែខ្ញុំមិនបានប្រកាសណាមួយ ចំពោះកិច្ចការ នៅខាងមុខនោះទេ»៕