ប្រាសាទក្រចាប់ មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយ ១.៥គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកែរ និង១.២គីឡូម៉ែត្រខាងកើតប្រាសាទធំ។
ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ឧទ្ទិសថ្វាយដល់ព្រះសិវមាន ត្រីភូវនទេវ ដែលមានន័យថាម្ចាស់នៃលោកទាំងបី កសាងឆ្នាំ៩២៨។
ឈ្មោះរបស់ប្រាសាទនេះ ត្រូវបានអ្នកភូមហៅតាមរក្ខជាតិម្យ៉ាងដែលដុះនៅជុំវិញប្រាសាទនោះ។ រុក្ខជាតិនោះមានឈ្មោះថា ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី។
ជាទូទៅប្រជាជននៅតំបន់ប្រាសាទនោះ តែងតែរកផ្លែក្រចាប់មកស្ងោរ ដើម្បីទទួលទានផងដែរ។ នៅពេលគេស្ងោរអោយឆ្អិនសំបកវាឡើងពណ៌ខ្មៅ ឯសាច់ខាងក្នុងវារសជាតិដូចសណ្តែកដីស្ងោ។
តាមការស្រាវជ្រាវ ផ្លែក្រចាប់មានទៅដោយ វីតាមីនសេ បេ និង ដេ ដែលជួយពង្រឹងរាងកាយយើងអោយមាំមួន និងស្បែកមានសំណើម។ ស្រ្តីដែលមានផ្ទៃពោះអាចជួយអោយមានទឹកដោះច្រើន ។ នៅប្រទេសជិតខាងយើងគេដាំវាជាកសិដ្ឋានដើម្បីងាយប្រមូលផល៕