ប្រទេសអ៊ុយក្រែន ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន តាមពាក្យអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសដោះស្រាយបញ្ហាពុករលួយនានា បន្ទាប់ពីប្រទេសនេះមានមន្ត្រីជាន់ខ្ពស់ពុករលួយ ខណៈអ៊ុយក្រែនកំពុងស្វែងរកអាវុធតស៊ូជាមួយរុស្ស៊ី ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានធ្វើដំណើរទៅកាន់ជាយក្រុងគៀវ កាលពីថ្ងៃទី២២ ខែមករា កន្លងមក ។ លោកត្រូវបាន លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ទទួលស្វាគមន៍នៅទីក្រុងគៀវ ។ បន្ទាប់មក លោកបានទៅកាន់ទីក្រុងប៊ូចា និងក្រុងបូរ៉ូឌៀនកា ស្ថិតនៅទិសពាយ័ព្យទីក្រុងគៀវ ដែលទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុងទាំងនេះកាលពីខែមីនា ឆ្នាំ២០២២ មុននឹងដកថយវិញ ។Ukraine war: Boris Johnson travels to Kyiv to meet Volodymyr Zelensky - BBC  News

លោក ចនសុន ថ្លែងថា ៖ «ជនជាតិអ៊ុយក្រែនបានរងទុក្ខយូរហើយ ផ្លូវតែមួយដែលអាចបញ្ឈប់សង្គ្រាមបាន គឺអ៊ុយក្រែនត្រូវតែជាអ្នកឈ្នះ និងឈ្នះឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ។ វាដល់ពេលហើយដែលយើងត្រូវជួយគ្នា និងឱ្យពលរដ្ឋអ៊ុយក្រែនមានអាវុធគ្រប់យ៉ាងដើម្បីយកឈ្នះវិបត្តិ» ។

អ្នកនាំពាក្យរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន បង្ហាញថា នាយករដ្ឋមន្ត្រីអង់គ្លេសគាំទ្រការធ្វើដំណើរទៅប្រទេសអ៊ុយក្រែនរបស់លោក ចនសុន ដែលវាបង្ហាញឱ្យឃើញថា ប្រទេសអង់គ្លេសគាំទ្រអ៊ុយក្រែន ។ លោក ចនសុន នៅតែជាសមាជិកសភាតំណាងរាស្ត្រគណបក្សអភិរក្ស ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស ហើយលោកបានធ្វើដំណើរទៅអ៊ុយក្រែនដោយមិនបានផ្តល់ដំណឹងជាមុនឡើយ ក្នុងអំឡុងពេលមានបញ្ហាហិរញ្ញវត្ថុរបស់លោក ។

ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ឱ្យដឹងថា លោកនឹងដោះស្រាយបញ្ហាពុករលួយនៅក្នុងរដ្ឋាភិបាល ព្រមទាំងមានការសម្រេចចិត្តសមរម្យមួយក្នុងសប្តាហ៍នេះ ។ លោកមិនចង់បង្ហាញទៅកាន់សាធារណៈក្នុងពេលនេះទេ ប៉ុន្តែលោកប្រាប់ថា អ្វីៗនឹងទទួលបានយុត្តិធម៌ ។ លោកបន្តថា លោកបានទទួលលិខិតលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីរួចហើយ បន្ទាប់ពីមានការស៊ើបអង្កេតរឿងថា អនុរដ្ឋមន្ត្រីរូបនេះទទួលសំណូក ។Zelensky has courage of a lion, says Johnson as he goes walkabout in Kyiv |  News | The Sunday Times

លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែបនេះ ក្រោយពីមានការរាយការណ៍ថា លោក វ៉ាស៊ីល ឡូស៊ីនស្គី (Vassil Losinski)
អនុរដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកការអភិវឌ្ឍតំបន់របស់អ៊ុយក្រែន ត្រូវបានឃាត់ខ្លួនពីបទទទួលសំណូក ខណៈលោក Olexi Reznikov រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានគេឃ្លាំមើលរឿងពុករលួយ ។ គេលើកឡើងថា កងទ័ពបានទិញអាហារក្នុងតម្លៃខ្ពស់ ប៉ុន្តែក្រសួងការពារជាតិជូនដំណឹងថា ជាព័ត៌មានមិនពិត និងបានឱ្យគណៈកម្មការក្នុងរដ្ឋសភាស៊ើបអង្កេត ។

ទោះយ៉ាងណា អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចាត់លំដាប់តម្លាភាពរបស់អ៊ុយក្រែននៅក្នុងឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១២២ ក្នុងចំណោម១៨០ប្រទេស គឺមិនខុសគ្នាពីរុស្ស៊ីប៉ុន្មានទេ ។ លើសពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យអ៊ុយក្រែនធ្វើកំណែទម្រង់លុបបំបាត់អំពើពុករលួយ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ក្នុងការទទួលយកអ៊ុយក្រែនជាសមាជិក ៕ ប្រភព ៖ TNN World