ប្រទេសចិន ៖ លោក ចូសែប វូ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានថ្លែងកាលពីពេលថ្មីៗនេះថា ទីក្រុងប៉េកាំងទំនងជាធ្វើការវាយប្រហារមកលើតៃវ៉ាន់នៅប៉ុន្មានឆ្នាំខាងមុខនេះ ។ លោកបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើបែបនេះ អាចជាការព្យាយាមទាញពលរដ្ឋតៃវ៉ាន់ឱ្យគេចចេញពីបញ្ហាផ្សេងៗក្នុងស្រុក ។
ក្នុងការផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្កាយ លោក ចូសែប វូ បញ្ជាក់ថា ៖ «ស្ថានការណ៍របស់តៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះអាក្រក់យ៉ាងខ្លាំង បើធៀបនឹង២ឆ្នាំមុននេះ» ។ លោកបន្តថា ៖ «សម្រាប់ខ្ញុំ នៅឆ្នាំ២០២៧ គឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់» ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់រូបនេះបន្ថែមថា នៅឆ្នាំ២០២៧ គឺវាអាចទៅរួចដែលលោក ស៊ី ជីនពីង នឹងចូលអាណត្តិទី៤របស់លោក ខណៈ៣អាណត្តិ លោក ជីនពីង មិនអាចសម្រេចគោលដៅណាមួយក្នុងពេលកាន់តំណែង ពេលខ្លះ លោក ជីនពីង ត្រូវគិតពីបញ្ហាផ្សេងៗដើម្បីសម្រេចជោគជ័យ ។
លោក ចូសែប វូ បានសម្តែងការបារម្ភថា រឿងអាក្រក់បំផុតក្នុងការប្រឈមមុខជាមួយក្រុងប៉េកាំងកាន់តែអាចទៅរួច ដោយលោកបានលើកឡើងពីករណីប្រទេសចិនបង្កើនកម្លាំងកងទ័ពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ ហើយលោកក៏បានបន្ទោសការគំរាមកំហែងរបស់ក្រុងប៉េកាំងមកលើតៃវ៉ាន់ផងដែរ ។
កាលពីខែតុលា ឆ្នាំ២០២២ លោក ស៊ី ជីនពីង បាននិយាយថា បើទោះជាទីក្រុងប៉េកាំងត្រូវការរួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រទេសចិនមិនបដិសេធលទ្ធភាពនៃការប្រើប្រាស់កងកម្លាំងទេ ។ វាជាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីសម្រេចបាននូវគោលដៅនោះ ៕
ប្រភព ៖ Mgronline