ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៩ ខែមករា សមាជិកសហជីពបារាំងជាច្រើននាក់បានលះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីតវ៉ានឹងផែនការរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលនឹងបន្ថែមអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។ វាជាផ្នែកមួយនៃផែនការកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ បើទោះជាពលរដ្ឋភាគច្រើនក្នុងប្រទេសមិនយល់ស្របក្តី ។ កាលពីថ្ងៃទី១២ ខែមករាកន្លងមក សមាជិកសហជីពធ្លាប់បានណាត់គ្នាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៩ ខែមករា ។
អ្នកប្រើប្រាស់ផ្លូវនានា រួមទាំងរថភ្លើងនៅក្នុងទីក្រុង និងរថភ្លើងក្រោមដីទាំងក្នុងក្រុងប៉ារីស និងទីក្រុងធំៗទូទាំងប្រទេស ក៏ដូចជាអ្នកធ្វើដំណើរតាមយន្តហោះទាំងអស់បានពន្យារពេល ឬផ្អាកការធ្វើដំណើរកាលពីថ្ងៃទី១៩ ខែមករា ដោយសារសមាជិកសហជីពជាច្រើននាក់លះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីប្រឆាំងផែនការរបស់រដ្ឋាភិបាលដែលនឹងបង្កើនអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។
ក្នុងថ្ងៃតវ៉ានេះ រថភ្លើងក្រោមដីបានផ្តល់សេវាកម្មសម្រាប់តែរថភ្លើងគ្មានអ្នកបើកបរប៉ុណ្ណោះ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអ័កលីក្នុងទីក្រុងប៉ារីស ក៏ត្រូវពន្យារពេលហោះហើរដែរ ។ លើសពីនេះ សាលារៀនឯកជនត្រូវបិទដោយសារគ្រូមិនមកបង្រៀន ។
មុននេះ លោកនាយករដ្ឋមន្ត្រីបារាំង Elizabeth Bourne បានប្រកាសផែនការបន្ថែមអាយុចូលនិវត្តន៍ចំនួន២ឆ្នាំទៀត (ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៧ ដោយផែនការនេះត្រៀមបញ្ជូនទៅកាន់រដ្ឋសភាពិចារណា ។ រដ្ឋាភិបាលបារាំងអះអាងថា កំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍នេះនឹងជួយឱ្យមានតុល្យភាពថវិកា និងសន្សំថវិកាប្រមាណជាង១ម៉ឺនយូរ៉ូក្នុង១ឆ្នាំនៅឆ្នាំ២០៣០ ។ បើមិនធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ទេ វានឹងមានឱនភាពថវិកានាពេលអនាគត ។
ទោះយ៉ាងណា ពលរដ្ឋបារាំងមិនយល់ស្របជាមួយផែនការនេះទេ ជាពិសេស មន្ត្រីរាជការ ដោយសារធ្វើឱ្យពួកគេទទួលប្រាក់ចូលនិវត្តន៍ និងផលប្រយោជន៍យឺតយ៉ាវ ។ បច្ចុប្បន្ន ពលរដ្ឋបានរងផលប៉ះពាល់ពីការចាយវាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។ តាមការស្ទង់មតិចុងក្រោយក្នុងសប្តាហ៍នេះថា ពលរដ្ឋ៦៨% មិនយល់ស្របតាមវិធានការនេះ និងបានរិះគន់រដ្ឋាភិបាលផងដែរ ៕
ប្រភព ៖ TNN World