Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងបាញ់១០០គ្រាប់ភ្លាមៗ ក្រោយកូរ៉េខាងត្បូងបាញ់មីស៊ីល ឆ្លើយតបនឹងការបាញ់មីស៊ីល១០គ្រាប់ របស់ខ្លួន

កូរ៉េខាងជើងបាញ់១០០គ្រាប់ភ្លាមៗ ក្រោយកូរ៉េខាងត្បូងបាញ់មីស៊ីល ឆ្លើយតបនឹងការបាញ់មីស៊ីល១០គ្រាប់ របស់ខ្លួន

99
0

សេអ៊ូល៖ នារសៀលថ្ងៃពុធនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន១០០គ្រាប់ ធ្លាក់ចូលក្នុង​តំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត មីស៉ីលចម្រុះប្រហែល១០គ្រាប់ ចេញទៅភាគខាងកើតនិងខាងលិចប្រទេសរបស់ខ្លួន ដោយក្នុងនោះ១គ្រាប់បានទៅធ្លាក់នៅក្បែរ​ដែនទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ ចេញពី​តំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។

កាលពីវេលាព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានបាញ់មីស៉ីល៣គ្រាប់ ចេញពីយន្តហោះចម្បាំង ហើយទៅធ្លាក់នៅចំណុចមួយ ក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតបចំពោះ ការបាញ់សាកល្បងមីស៉ីលចម្រុះប្រភេទសរុប១០គ្រាប់ របស់កូរ៉េខាងជើង នៅប៉ុន្មានម៉ោងមុននោះ។ ក្នុងការបាញ់តេស្តមីស៉ីលរបស់ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូលទទួលស្គាល់ថា មានមីស៉ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថា នេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមាន ការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ ៕