តារាម៉ូដែល មាលា បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងគ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យជាមួយនឹងការថតនៅប្រាសាទកាន់តែមានភាពទាក់ទាញ។

តួឯកស្រីក្នុង MV «សង្ក្រាន្តស្គាល់ស្នេហ៍» នៅតែបន្តទាក់ទាញចិត្តទស្សនិកជនជាមួយនឹងសកម្មភាពថ្មីៗជាច្រើនទាំងការថតរូបបែបសម័យនិងការថតរូបបែបបុរាណ។ នៅក្នុងឆ្នាំថ្មីនេះ មាលា ពុំបានបង្ហាញខ្លួនក្នុង MV របស់ វណ្ណដា នោះទេប៉ុន្តែក៏ទើបបង្ហាញខ្លួនក្នុង MV របស់ មន្ត្រីយ៍ ឯក តាមរយៈបទ «Pisey» ដែលទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់នៅលើបណ្តាញសង្គមទិកតុក។

អ្វីដែលជាភាពទាក់ទាញចុងក្រោយនេះ មាលា បានបង្ហាញខ្លួនក្នុងឈុតបុរាណ ក្នុងទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ។ ឈុតដ៏ស្រស់ស្អាតនៃវប្បធម៌ខ្មែរអមជាមួយនឹងប្រាង្គប្រាសាទដ៏ចំណាស់របស់ប្រទេសកម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតកាន់តែស្រស់ស្អាតទ្វេដង និងមានភាពទាក់ទាញយ៉ាងខ្លាំង។ ឈុតនេះច្នៃឡើងដោយ សយ សម្អាងការ។
ភាពស្រស់ស្អាតមានតែមួយគ្មានពីរនៅលើលោកនេះបានទាក់ទាញចិត្តទស្សនិកជនជាច្រើនសូម្បីតែអ្នកគាំទ្របរទេសក៏ចាប់អារម្មណ៍ឈុតបុរាណរបស់ខ្មែរដូចគ្នា។ ជាមួយនឹងមតិសរសើរជាច្រើនទាំងប្រជាជនក្នុងស្រុកនិងក្រៅស្រុកលើកឡើងតែផ្ទះលេខ២ប៉ុណ្ណោះដែលមិនពេញចិត្តចំពោះសកម្មភាពរបស់ មាលា ក្នុងឈុតទម្រង់១០០ឆ្នាំនេះ។

គួរឱ្យដឹងថា ថ្មីៗនេះ មាលា កំពុងតែថតខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលជារដូវកាលទី២ជាមួយនឹងតួឯកប្រុស ដេវិដ អ៊ឹងហាវ។ ការថតលើកទី២នេះ មាលា បានជួបនឹងរៀមច្បង ហេង ប៊ុនលាភ ហើយអ្នកទាំងពីរពិតជាមើលទៅចុះសម្រុងគ្នាយ៉ាងខ្លាំង ខណៈអ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំភាពយន្តរបស់អ្នកទាំង៣ដូចគ្នា៕










