កម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី។ ភាគីថៃ បានយកវិស័យមីនបង្កឲ្យមានការឈ្លានពានលើទឹកដីកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព” នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លីធុជ បានលើកឡើងថា មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុខគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន។ .jpg)
បន្ថែមលើនេះ កម្ពុជាក៏បានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រាប់មីនផងដែរ។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ឈប់បញ្ជូនទាហានដើរចូលដីកម្ពុជាបន្តទៀត ព្រោះជាតំបន់មានមីនបន្សល់ពីសង្គ្រាមជម្លោះផ្ទៃក្នុងរបស់កម្ពុជា បើនៅតែដើរចូល នោះអាចនឹងមានគ្រោះថ្នាក់។ ឯកឧត្តម លីធុជ៖ «កម្ពុជាសូមអំពាវនាវដល់ភាគីថៃ បញ្ចប់មហិច្ឆិតាបំពានកម្ពុជា ហើយងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសងខាងនាពេលអនាគត»។
ឯកឧត្តមបន្តបញ្ជាក់ថា កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសំអាតមីន នៅពេលវិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នាពីបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានអះអាងថា ផលប៉ះពាល់ នៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រើប្រាស់ឈ្លានពានទឹកដីកម្ពុជា សម្រាប់បច្ចុប្បន្ន និងអនាគតមានច្រើនប្រភេទ។
យុទ្ធភណ្ឌសង្គ្រាមទាំងនោះរួមមាន គ្រាប់បែកទម្លាក់ពីយន្តហោះធន់ធ្ងន់ដូចជា MK-82 និង MK-84 តាមរយ:យន្តហោះF-16 និង Gripen គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង ១៥៥មម ប្រភេទM46 និងM85 គ្រាប់ផ្សែងពុលនិងចំហេះ បាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង ១៥៥មម គ្រាប់ផ្លោងមួយចំនួន មានប្រភេទ White sposphorus (WP) និងគ្រាប់មិនទាន់ផ្ទុះទូទៅ។ ឯកឧត្តមថា ផលប៉ះពាល់នៃអាវុធជាតិផ្ទុះទាំងនោះទៅលើទីតាំង មានទាំងភូមិឋានប្រជាជន តំបន់ព្រំដែន និងប្រាសាទបុរាណមួយចំនួនទៀត រួមមានប្រាសាទតាមាន់ តាក្របី និងប្រាសាទព្រះវិហារជាដើម។

ទាក់ទងនឹងសកម្មភាពប្រយុទ្ធប្រឆាំងគ្រាប់មីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ក៏បានថ្លែងការកោតសរសើរចំពោះប្រទេសកម្ពុជាផងដែរ។ នៅលើគណនីហ្វេសផ្លូវការរបស់ឯកឧត្តម នាថ្ងៃទី១៨ សីហា ឯកឧត្តមបានសរសេររៀបរាប់ថា៖«ខ្ញុំសូមសម្ដែងគារវកិច្ចដល់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩១៩៩ នាក់ទៅកាន់ប្រទេសផ្សេងៗ»។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសចំនួន ១១៩ ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅឯក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ានផងដែរ៕










