ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុង ក្រោយពីសារព័ត៌មានជប៉ុន The Japan Times ចេញផ្សាយពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន Fujipassc សូកប៉ាន់មន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីចុះបញ្ជីកែប្រែក្រុមហ៊ុនកាលពីឆ្នាំ២០២១។
យោងតាមសារព័ត៌មានជប៉ុន ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា បានលើកឡើងថា៖”ភាគីក្រុមហ៊ុនត្រូវបានគេសង្ស័យថា បានផ្តល់សាច់ប្រាក់ប្រហែល ១០០០ ដុល្លារដល់មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ ដើម្បីពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធ”។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បានលើកទឹកចិត្តឱ្យមាន ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព សម្រួលនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនិងសេវាសាធារណៈពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ៕










