Home ព័ត៌មានអន្តរជាតិ បាងកកធ្លាក់ក្នុងភាពអាសន្នសារជាថ្មី ក្រោយលេចចេញនូវស្នាមប្រេះថ្មីៗនៅតាមផ្លូវ និងអគារ

បាងកកធ្លាក់ក្នុងភាពអាសន្នសារជាថ្មី ក្រោយលេចចេញនូវស្នាមប្រេះថ្មីៗនៅតាមផ្លូវ និងអគារ

103
0

ព្រះធរណីសម្ដែងឫទ្ធិទៀតហើយ! ពេលនេះអាជ្ញាធរ និងពលរដ្ឋនៅទីក្រុងបាងកកកំពុងមានការភ័យស្លន់ស្លោ និងព្រួយបារម្ភជាខ្លាំង ក្រោយប្រទះឃើញបាតុភូតដីស្រុតចុះបន្ថែមរហូតដល់ ២០ សង់ទីម៉ែត្រ ស្នាមប្រេះលើដី និងអគារនៅក្បែរស្ថានីយរថភ្លើងក្រោមដីវង់វៀនយ៉ៃ បង្កជាហានិភ័យដល់ការដួលរលំអគារជុំវិញនោះ។ តើនេះជាសញ្ញាដែលបង្ហាញថា ទីក្រុងបាងកក អាចនឹងជួបហេតុការណ៍ស្រុតដីធ្ងន់ធ្ងរដូចឆ្នាំមុនមែនឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EcPRkve2eaqF2fRXulk2VDJwP38gxIs_WbYN4JPAEV7VbCibRw44RCotYEfRHy2-Oyx7yy2cUoX8SnKUgCtZoWF5vez-1R56Om_-MnK8kUt5hbZC_2QtSDXNZf-qMAR1Ar6HfgRufF3JMUQsohj3HmRdKOorN6zweD5faOCvVvenhbsXM3NtDZW4QUI/s739/photo_2026-07-10_12-01-24.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ ឫសគល់នៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការធ្លាយ និងជ្រាបទឹកក្រោមដីយ៉ាងខ្លាំង ចូលទៅក្នុងរូងនៃគម្រោងសាងសង់ខ្សែរថភ្លើងក្រោមដី (Purple Line Extension) ត្រង់ចំណុចវង់វៀនយ៉ៃនេះតែម្តង។ លំហូរទឹកក្រោមដីដ៏ខ្លាំង បានអូសទាញយកស្រទាប់ដីខ្សាច់ខាងក្រោមហូរដាច់ទៅជាមួយ បណ្តាលឱ្យដីស្រទាប់ខាងលើបាត់បង់លំនឹង រួចស្រុតចុះភ្លាមៗរហូតដល់ ២០ សង់ទីម៉ែត្រ និងបង្កើតជាស្នាមប្រេះវែងៗគួរឱ្យខ្លាចពេញដងផ្លូវ។ អ្វីដែលកាន់តែរន្ធត់ជាងនេះទៅទៀតនោះ គឺក្រុមវិស្វករបានរកឃើញថា អគារពាណិជ្ជកម្មដែលស្ថិតនៅក្បែរនោះ ចាប់ផ្តើមមានសភាពលំអៀងបន្តិចម្តងៗ ដែលជាសញ្ញាព្រមានថា វាអាចនឹងបាក់រលំចុះមកបានគ្រប់ពេលវេលា ប្រសិនបើសម្ពាធទឹកក្រោមដីនៅតែបន្តវាយលុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90mi4GYPnSqZJrvdCmTBlNZPFqQv1gql8BL85Vyu_rwyXq09rnIIBxxbkwaarw__RDDeVZucKc00kd_5Fw0mnafXg7mPL6jTm_a9Kj4p_TlMRNrIq5CzYjYlraKtFqtBVm2KN6eI-5xQkVGd228pdhItoN33qZakacy1pWGw7z2-wsKCq5KrIxusKKPE/s640/photo_2026-07-10_12-01-25%20(2).jpg

ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរក្រុងបាងកកបានប្រកាសបិទចរាចរណ៍លើដងផ្លូវកើតហេតុ ១០០% ទាំងស្រុង និងបានសម្រេចចិត្តជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ចេញពីអគារប្រកបដោយគ្រោះថ្នាក់ទាំងនោះ។ ករណីលេចចេញស្នាមប្រេះជាហូរហែបែបនេះ បានធ្វើឱ្យមហាជនថៃនឹកឃើញភ្លាមទៅដល់គ្រោះមហន្តរាយដីបាក់ស្រុតជាជ្រលងដ៏ធំមួយ កាលពីឆ្នាំទៅមិញនៅលើផ្លូវសាមសែន (Sam Sen Road) ដែលបណ្តាលមកពីការដ្ឋានសាងសង់រថភ្លើងក្រោមដីខ្សែដដែលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJGXw7YK_ObysTnEo_6u3I5a9Pkjle0mtp16Ybp3XTN7wbS6Scz-P0_tkTsHyzc_ChcZ-F3rRdqCv33VGLnnq4ylEHodEUCasdlrn2lxNw03Tbr_deQYUhyX-0uqDzvpY7DBO8NtC7ZUFmyUZ0vKX5dXMt1MsUyti5ds6PpRt7Ca0QkpODmJi5oJgY1XM/s1200/photo_2026-07-10_12-01-25.jpg

ទោះបីជាពេលនេះ អាជ្ញាធរនិងក្រុមវិស្វករកំពុងតែគ្រប់គ្រងស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញថា ហានិភ័យនៃគ្រោះធម្មជាតិ និងបច្ចេកទេសសំណង់ក្រោមដី នៅតែជាចំណុចរសើបដែលត្រូវតាមដានយ៉ាងម៉ត់ចត់បំផុត។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការធានាឱ្យបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការបន្តតាមដានស្ថានភាពដីប្រេះស្រុតនេះ ២៤ ម៉ោង ដើម្បីកុំឱ្យមហន្តរាយដីបាក់ដូចកាលពីឆ្នាំមុន អាចកើតឡើងជាលើកទីពីរឡើយ៕