នៅទីបំផុតទៅ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាចន្រ្ទារស្មីសាមគ្គី ដែលជ្រើសយកវិធីបង្រៀនសិស្សបែបហិង្សា ដោយយកជើងទាត់ ដើម្បីអោយសិស្សប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ត្រូវក្រសួងអប់រំសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលហើយ។
ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងបានបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធបានកោះប្រជុំដោះស្រាយបញ្ចប់បញ្ហាអំពើហិង្សាលើសិស្ស ស្ថិតក្នុងសាលាបឋមសិក្សាចន្រ្ទារស្មីសាមគ្គី នាស្រុកមេសាង ខេត្តព្រៃវែង តាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មកម្លេះ។ ពោល គឺក្រសួងបានចាត់វិធានការចំពោះបញ្ហានេះ ក្រោយវីដេអូបង្ហាញសកម្មភាពនៃការប្រើហិង្សារបស់គ្រូ ត្រូវបានចែកចាយយ៉ាងទូលំទូលាយក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រឹមពីរថ្ងៃប៉ុណ្ណោះ។ 
បើតាមកំណត់ហេតុនៃអង្គប្រជុំ បច្ចុប្បន្ន លោកគ្រូ គា ឌឿន ជាអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើកូនសិស្សឯង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមេសាងរួចរាល់ហើយ។ ហាក់ផ្ទុយនឹងមតិរបស់មហាជន ដែលបានបង្ហាញនូវការរិះគន់ និងជេរប្រមាថតាមតែកំហឹងផ្ទាល់ខ្លួននៅលើបណ្តាញសង្គម មិនត្រឹមសម្រេចមិនដាក់ពាក្យប្តឹង លើលោកគ្រូ ឌឿន តែគ្រួសារកុមារីរងគ្រោះក៏បានសំណូមពរឲ្យលោកអធិការស្រុក ដោះលែងលោកគ្រូបង្រៀនខាងលើទៀតផង។ ការដោះលែងលោកគ្រូ ឌឿន គឺដើម្បីអោយគាត់អាចត្រឡប់ទៅមូលដ្ឋាន បានបង្រៀនសិស្សឡើងវិញ តែសមត្ថកិច្ចក៏តម្រូវអោយគាត់ធ្វើកិច្ចសន្យាយល់ព្រមទទួលស្គាល់កំហុស និងឈប់ប្រព្រឹត្តអំពើហិង្សាបែបនេះទៀតនៅថ្ងៃមុខផងដែរ។
បើតាមការលើកឡើងរបស់លោកគ្រូ អ្នកគ្រូចំនួន ៣៦នាក់ នៅកម្រងស្វាយជ្រុំ ស្រុកមេសាង កន្លងមក លោកគ្រូ គា ឌឿន មិនធ្លាប់មានបញ្ហាជាមួយគ្រូ សិស្ស និងសហគមន៍ពីមុនមកទេ ហើយគាត់ក៏ជាគ្រូមានប្រវត្តិធ្លាប់បង្រៀនគណិតវិទ្យា ជួយឱ្យសិស្សមួយចំនួនទទួលបាននិទ្ទេសល្អដែរ។ ដោះស្រាយបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពិនិត្យ ដើម្បីចាត់វិធានការរដ្ឋបាល លើលោកគ្រូ គា ឌឿន ដដែល។ ការដាក់ទណ្ឌកម្មរដ្ឋបាលលើលោកគ្រូ គា ឌឿន គឺដើម្បីបង្ការកុំឲ្យកើតមានរឿងបែបនេះនាថ្ងៃខាងមុខបន្តទៀត ហើយជួយពញ្ញាក់ស្មារតីដល់លោកគ្រូ អ្នកគ្រូដទៃទៀត ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌គ្រូបង្រៀន។

ក្រសួងអប់រំ នឹងបន្តពង្រឹងការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីក្រមសីលធម៌គ្រូបង្រៀនឱ្យបានទូលំទូលាយ និងកាត់បន្ថយភាពអសកម្ម និងបាតុភាពនានា។ ក្រៅអំពីការលើកឡើងពីមតិរិះគន់បែបស្ថាបនា និងការជេរប្រទេចតាមទំនើងចិត្ត លើសកម្មភាពរបស់លោកគ្រូ គាឌឿន ក៏មានអ្នកលេងបណ្តាញសង្គមខ្លះ បានបញ្ចេញមតិបង្ហាញពីអតីតការនៃការតស៊ូរៀនសូត្ររបស់លោកគ្រូទម្រាំបានចេញបង្រៀនផងដែរ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មី សុភាព បានលើកឡើងថា៖ «គ្រួសារគាត់ (គា ឌឿន) កាលនោះ គឺក្រណាស់។ ក្រសឹងគ្មានប្រាក់ទៅរៀនផង! គាត់រៀនបានដោយសារមានញាតិជិតខាង ជួយឧបត្ថម្ភប្រាក់បន្តិចបន្តួចទេ។ ពេលព្រឹកហូបបាយកកជាមួយអំបិលគ្រោះ រួចជិះកង់ទៅរៀននៅវិទ្យាល័យ។ ប្រវត្តិគ្រូគាត់ជាអតីតប្រឡងសិស្សពូកែប្រចាំស្រុក និងប្រឡងជាប់គ្រូបឋមដោយសម្ថតភាព»។

សូមបញ្ជាក់ថា វីដេអូបង្ហាញអំពើហិង្សាក្នុងម៉ោងបង្រៀននៅសាលាបឋមសិក្សាចន្រ្ទារស្មីសាមគ្គី គឺជាវីដេអូបង្ហាញពីសកម្មភាពរបស់លោកគ្រូ គា ឌឿន លើកជើងធាក់កូនសិស្ស ខណៈនាងឡើងធ្វើលំហាត់លើក្តារខៀនដោយអារម្មណ៍ស្រពេចស្រពិលមិនចាំរូបមន្ត។ ឯការពិនិត្យ និងប្រមូលព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី១៧ ខែសីហា ដឹកនាំដោយ លោក សារី ពៅ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា ប្រជុំជាមួយលោកអភិបាលស្រុកមេសាង លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក លោកអធិការស្រុក លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង លោកនាយកសាលា មេឃុំ និងលោកគ្រូ អ្នកគ្រូមួយចំនួនទៀត៕










